ព័ត៌មានទាន់ហេតុការណ៍៖

លោកលឹម គានហោ ជួបសំណេះសំណាល និងចែករង្វាន់ដល់សិស្សជាប់បាក់ឌុប៣៥២នាក់

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅបរិវេណសាលាស្រុកពញាឮ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ បានជួបសំណេះសំណាល និងចែករង្វាន់ដល់សិស្សានុសិស្ស ដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ចំនួន ៣៥២ នាក់ ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ និងសប្បាយរីករាយជាមួយមាតាបិតា អាណាព្យបាលបេក្ខជនទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ។ លោករដ្ឋមន្ត្រីបន្តថា ពេលនេះក្មួយៗ បានបញ្ចប់ដោយជោគជ័យមួយជំហានហើយ ឬក៏ថា ក្មួយៗចាប់តោងបានមែកមួយហើយ តែមែកនេះ មិនទាន់រឹងមាំ ជាទីទុកចិត្តនៃជីវិតយើងនៅឡើយទេ ដូចនេះក្មួយៗត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅចាប់យកវិជ្ជាជីវៈមួយរឹងមាំសម្រាប់ជីវិតរបស់យើង ។ លោករដ្ឋមន្ត្រីបន្តថា បច្ចប្បន្ននេះ ក្មួយៗ មានលទ្ធភាព និងភាពងាយស្រួលច្រើនក្នុងការសិក្សា ដោយសារយើងមានសាលាកាន់តែខិតជិតមករកភូមិឃុំ របស់យើង ព្រមជាមួយនឹងសន្តិភាព ស្ថេរភាព ពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈឲ្យក្មួយៗអាចបន្តការសិក្សាបានទៅតាមបំណងប្រាថ្នា ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បើស្រុកយើងមានចម្បាំងរាំងជល់មិនទាន់ចប់ ក្មួយៗ ក៏មិនមានឱកាសសិក្សាដូចពេលបច្ចប្បន្ននេះដែរ ។

ពាក់ព័ន្ធនឹងការចាប់យកជំនាញនាពេលខាងមុខ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឲ្យយកចិត្តទុកដាក់ពិចារណាឲ្យបានដិតដល់ មុននឹងចាប់យកជំនាញណាមួយ ។ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សម្រាប់ស្ថានភាពប្រទេសយើងនាពេលបច្ចប្បន្ន ធនធានមនុស្សផ្នែកវិទ្យាសាស្ត្ររឹង (Hard Science ) គឺនៅមានការខ្វះខាតច្រើន ដូចនេះបើយើងចាប់យកជំនាញខាងវិទ្យាសាស្ត្ររឹង គឺយើងមានការងាយស្រួលក្នុងការស្វែងរកការងារ បន្ទាប់ពីយើងបញ្ចប់ការសិក្សា ប៉ុន្តែអ្វីៗ ក៏វាអាស្រ័យផងដែរទៅលើឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ ។

ក្នុងពិធីនេះផងដែរ លោករដ្ឋមន្ត្រី បានឧបត្ថម្ភដល់សិស្សដែលបានប្រឡងជាប់ទាំង ៣៥២ នាក់ ដូចខាងក្រោម ៖
– សិស្សនិទ្ទេស A ចំនួន ០១ នាក់ នូវម៉ូតូថ្មី ម៉ាក Scoopy ចំនួន ០១ គ្រឿង
– សិស្សនិទ្ទេស B ចំនួន ០៩ នាក់ ក្នុងម្នាក់ៗ ថវិកា ១៥០ ដុល្លារ
– សិស្សនិទ្ទេស C ចំនួន ២៥ នាក់ ក្នុងម្នាក់ៗ ថវិកា ១០០ ដុល្លារ
– សិស្សនិទ្ទេស D ចំនួន ៤១ នាក់ក្នុងម្នាក់ៗ ថវិកា ៨០ ដុល្លារ
– សិស្សនិទ្ទេស E ចំនួន ២៧៦ នាក់ ក្នុងម្នាក់ៗ ថវិកា ៧០ ដុល្លារ
– ឧបត្ថម្ភវិទ្យាល័យទាំង ៥ ក្នុងស្រុក ដោយក្នុង ០១ វិទ្យាល័យ ទទួលបាន ថវិកា ១.០០០.០០០ រៀល ។
– ឧបត្ថម្ភការិយាល័យអប់រំស្រុក ថវិកា ១.០០០.០០០ រៀល ៕ ហេង សូរិយា

 

limkiena-3 limkiena limkiena-1 limkiena-2


ចែករំលែក៖