ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៦លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឱ្យលោក Mark Rose នាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងសហការីចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារ ។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរាយការណ៍ពីវឌ្ឍនភាពគម្រោង និងសំណូមពរនានាក្នុងការ ជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានភាពប្រសើរឡើង។
ក្នុងឱកាសនោះ លោក Mark Rose បានមានប្រសាសន៍ថា អង្គការសត្វព្រៃនិង រុក្ខជាតិអន្តរជាតិបានទទួលកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៨ លើគម្រោងទី១-គម្រោង បង្កើត និងគ្រប់គ្រងតំបន់ជលផលសមុទ្រ នៅប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ទី២- គម្រោងអភិរក្សអណ្ដើកសមុទ្រ ទី៣-គម្រោងអភិរក្សក្រពើកម្ពុជា ទី៤-គម្រោង អភិរក្សដំរីព្រៃកម្ពុជា ។
បច្ចុប្បន្នអង្គការរបស់លោកកំពុងចាប់អារម្មណ៍ខ្លាំងទៅលើការពង្រឹងសមត្ថ ភាពសហគមន៍ជលផល និងអភិរក្សធនធាន ជលផលសមុទ្រ ។ អង្គការបានស្នើឱ្យ ក្រសួងជួយគាំទ្រ និងជំរុញការបង្កើតជា ទីតាំងទេសចរណ៍ នៅក្បែរកោះរ៉ុង និង រ៉ុងកោះសន្លឹម ដើម្បីអាចប្រមូលបាននូវ ចំណូលពីអ្នកទេសចរមុជទឹកកម្សាន្តមើល ផ្កាថ្ម ក្នុងការបន្តគាំទ្រ ដល់ការការពារ និងអភិរក្សធនធានជលផលប្រកបដោយ និរន្តរភាព ។
ក្នុងឱកាសនោះលោករដ្ឋមន្រ្តីក៏បានគាំទ្រដល់គម្រោងរៀបចំទីតាំងទេសចរណ៍កោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីរកចំណូលតែត្រូវមានការសិក្សាឱ្យបានច្បាស់លាស់អំពីគោលការណ៍វិនិយោគរបស់ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅលើទីតាំងទាំងនោះ ។ លោករដ្ឋមន្រ្តីបានស្នើ ឱ្យអង្គការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ សិក្សាពីលទ្ធភាពនៃការបង្កើនកម្រិតជីវភាពសហគមន៍ព្រៃឈើដើម្បីកាត់បន្ថយភាពក្រីក្រឆ្លើយតបទៅនឹងការវិវឌ្ឍន៍សេដ្ឋកិច្ច និងធានាបាននូវការគ្រប់គ្រងព្រៃប្រកប ដោយនិរន្តរភាព តាមរយៈបង្កើតការងារកសិកម្មបន្ថែមដល់សហគមន៍ដូចជាចិញ្ចឹមសត្វគោដាំដំណាំផងដែរ ៕ ហេង សូរិយា