ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបយល់ព្រមឲ្យរដ្ឋាភិបាលតាមដានតាមទូរស័ព្ទនិងអុីនធើណែតក្នុងគោលដៅទប់ស្កាត់ភេរវកម្ម

ចែករំលែក៖

នៅពេលដែលក្រុមភេរវកម្មបន្លំខ្លួនចូល ទៅរស់នៅក្នុងតំបន់អឺរ៉ុបនឹងបង្កើនការវាយ ប្រហារភេរវកម្មនៅអឺរ៉ុបធ្វើឲ្យពលរដ្ឋរស់នៅមិនបានសុខសាន្ត មិនហ៊ានប្រមូលផ្តុំគ្នាដូចកាលពីមុន។ បើទោះបីមានការការពារយ៉ាងតឹងតែងក្តី តែការវាយប្រហារនៅតែកើតឡើងជាបន្តបន្ទាប់ដោយភេរវករ បង្កប់ខ្លួនជាមួយពលរដ្ឋ។

ចំណុចទាំងនោះហើយបានជាប្រទេសមួយចំនួននៅអឺរ៉ុបអនុញ្ញាតឲ្យរដ្ឋាភិបាល របស់ខ្លួនតាមដានសកម្មភាពសន្ទនាតាមទូរស័ព្ទរបស់ពលរដ្ឋ ក៏ដូចជាត្រួតពិនិត្យតាម ប្រព័ន្ធអុីនធើណែតជាដើម។

កន្លងមកថ្មីៗពលរដ្ឋស្វុីសបានគាំទ្រ ច្បាប់ដែលអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់មានសិទ្ធិឃ្លាំមើលលើសកម្មភាពអុីន ធើណែត និងស្តាប់កិច្ចសន្ទនានៅក្នុងវិស័យ ឯកជន។ ការរៀបចំបោះឆ្នោតប្រជាមតិនេះបានធ្វើឡើងចំពេលដែលអឺរ៉ុបកំពុង ទទួលការគំរាមកំហែងភេរវកម្មក្នុងកម្រិតខ្ពស់។ មានប្រជាជនស្វុីសជាងពាក់កណ្តាល បានបោះឆ្នោតគាំទ្រច្បាប់ដែលអនុញ្ញាត ឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តាមដានឃ្លាំមើល និងប្រមូលគ្រប់ព័ត៌មានពីកិច្ច សន្ទនាតាមទូរស័ព្ទ និងតាមប្រព័ន្ធអុីនធើ ណែតក៏ដូចជាសកម្មភាពផ្សេងៗតាមអុីនធើណែតនៅតាមវិស័យឯកជន រួមទាំងរវាង ពលរដ្ឋស្វ៊ីសសង្ស័យទាំងអស់។ លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រជាមតិពេលនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះការស្ទង់ មតិនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក៏បានផ្តល់លទ្ធផលប្រហាក់ប្រហែលគ្នានេះដែរ។

សូមជម្រាបជូនថា ច្បាប់ស្តីពីការអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មាន សិទ្ធិតាមដានឃ្លាំមើល និងប្រមូលគ្រប់ព័ត៌មាននៃកិច្ចសន្ទនាតាមទូរស័ព្ទ និងអុីនធើណែតត្រូវបានសភាបោះឆ្នោតក្នុងឆ្នាំ២០១៥ តែទន្ទឹមគ្នានោះការបោះឆ្នោតប្រជាមតិស្តីពីច្បាប់នោះក៏ត្រូវបានទាមទារដោយគណបក្សនយោបាយ និងអង្គការមួយចំនួន។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វុីសមានសិទ្ធិតាម ឃ្លាំមើល និងប្រមូលព័ត៌មានតែនៅក្នុងវិស័យ សាធារណៈប៉ុណ្ណោះ ឬមួយក៏ទទួលយកពីស្ថាប័នស៊ើបការណ៍របស់ប្រទេសផ្សេង។

តែចាប់ពីពេលនេះតទៅ និងដោយគោរព តាមលក្ខខណ្ឌមួយចំនួនទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វុីសអាចចាត់វិធានការ បង្ការទុកជាមុនដោយមានសិទ្ធិស្តាប់កិច្ចសន្ទនាតាមទូរស័ព្ទតាមដានការផ្ញើសំបុត្រ ឬសារអេឡិចទ្រូនិកឬមួយក៏សកម្មភាព អុីនធើណេតរបស់ពលរដ្ឋស្វុីសទូទៅ។ ទន្ទឹមគ្នានេះច្បាប់ក៏បានអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វុីសចូលទៅក្នុងបណ្តាញអុីនធើណែត និងឈានដល់ការ ចុះឆែកឆេរតាមផ្ទះតាមរថយន្តដែលមានការសង្ស័យ៕ ម៉ែវ សាធី

swiss_vote-621x414


ចែករំលែក៖