ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមបាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ។
ស្ថានភាពទឹកជំនន់ជារួមមានទី១៖ ចំពោះ ការលិចលង់ស្រូវនឹងពុំមានបញ្ហាអ្វីទេ ព្រោះ មានប្រព័ន្ធប្រឡាយស្ទឹង អាចរំដោះទឹក ជំនន់នេះបាន , ទី២៖ ប៉ុន្តែចំពោះជំនន់ទឹក ភ្លៀងដែលធ្វើឱ្យមានការលិចលង់នៅ ចំណុចមួយចំនួននៃដងផ្លូវជាតិលេខ៤ អាចនឹងមានការលិចលង់យូរ ដោយ ហេតុថា ប្រព័ន្ធប្រឡាយដោះទឹកដែល ធ្លាប់មានកន្លងមកត្រូវបានចាក់លុបទាំងស្រុង ។ បឹងបួធម្មជាតិដែលមានកន្លង មកត្រូវបានចាក់លុប និងប្រែក្លាយជាបុរី ឬរោងចក្រអស់ទៅហើយ ។
មកដល់ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៦ នេះទឹកដែលហូរធ្លាក់ពីខេត្តកំពង់់ស្ពឺបានធ្វើឲ្យមានការលិចស្រូវមួយចំនួននៅក្នុង ឃុំពើក ឃុំដំណាក់អំពិល និងផ្លូវជាតិលេខ៤ ( ស្រុកអង្គស្នួល ខេត្តកណ្តាល) តែមិនទាន់មានបញ្ហាអ្វីដែលធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ ។
ក្រុមការងាររបស់ក្រសួងធនធានទឹកបាននិងកំពុងបន្តបង្វែរទឹកជំនន់ទាំងនោះ ឲ្យហូរធ្លាក់ទៅក្នុងស្ទឹងព្រែកត្នោត ក្នុង ភូមិសាស្ត្រខេត្តកណ្តាល ។
ចំពោះស្ទឹងព្រែកត្នោត ទឹកនឹងមាន ការកើនឡើង ចាប់ពីរសៀលនេះទៅ ប៉ុន្តែ មិនបង្កឲ្យមានជំនន់ទេ ព្រោះនៅផ្នែកខាង ក្រោមក្រុមការងារបានរំដោះទឹកឲ្យហូរធ្លាក់ទៅទន្លេបាសាក់ បឹងជើងលោង និងទន្លេ បាទីរួចរាល់ហើយ ៕ ហេង សូរិយ