ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកកណ្ដៀង សហការគ្នា ចុះពិនិត្យគ្រាប់បែកមួយគ្រាប់ដើម្បីយកមករក្សាទុក បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដីបង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចលេខ 86286.91925 ស្ថិតក្នុងភូមិ-ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា គ្រាប់បែកត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍មកសមត្ថកិច្ចខាងលើនេះ ក្រោយពីកម្លាំងសហការគ្នា ត្រួតពិនិត្យដើម្បីយកទៅរក្សាទុកប្រគល់ឲ្យមន្រ្តីជំនាញ ហើយគ្រាប់បែកនោះ ជាប្រភេទក្រឡាផ្លែទៀប ផលិតនៅប្រទេសសូវៀត មានសភាពចាស់ ហើយគ្រាប់បែកនោះអាចបន្សល់នៅ កាលពីសម័យសង្គ្រាមកប់ដីយូរឆ្នាំ ទើបអណ្ដែតផុសមកលើដី ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ប្រាប់មកអាជ្ញាធរមានសមត្ថកិច្ចតែម្ដង។
ប្រភពដដែលបន្តទៀតថា វត្ថុតាងគ្រាប់បែក ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀង ដើម្បីរង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញយកទៅចាត់ចែងតាមនីតិវិធី ៕ បឹុម ពិន