ភ្នំពេញ៖ នារីម្នាក់វង្វេងរកផ្ទះជួលមិនឃើញបានឈរទាំងភ្លៀងរលឹមស្រិចៗ ត្រូវប្រជាពលរដ្ឋនាំយកអោយនគរបាលប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៍ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅមុខផ្ទះជួល ប្រជាពលរដ្ឋស្ថិតនៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ ។
នារីវង្វេងខាងលើឈ្មោះ អូន ស្រីដា អាយុ២១ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅភូមិ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
តាមប្រភពព័ត៌មានពីបុរសឈ្មោះ អីុន ឈៀងបាននិយាយថា មុនពេលកើតហេតុ រូបគាត់ទើបតែមកពីស្រុកកំណើត នៅរដូវបុណ្យភ្ជុំបិណ្ឌ ហើយឃើញនារីខាងលើឈរនៅមុខផ្ទះគាត់ទាំងភ្លៀងរលឹមស្រិចៗហើយរងារញាក់ដូចកូនសត្វ ហើយគាត់ឃើញដូច្នេះបានអោយមកសំរាកនៅផ្ទះរបស់គាត់សិន និងនាំអោយនគរបាលប៉ុស្តិ៍ចោមចៅ ។
តាមប្រភពពត៌មានបាននិយាយថា រូបគាត់(ជនរងគ្រោះ)ត្រូវនារីម្នាក់នៅស្រុកជាមួយគ្នាបាននាំរូបនាងមកធ្វើការងារនៅក្រុងភ្នំពេញ ដោយធ្វើបានប្រមាណជាងពីរខែហើយរូបនាងបានបាត់អត្តសញ្ញាណប័ណ្ណដោយក្រុមហ៊ុនបានបញ្ឈប់គាត់ផងនោះ ក៏បានជួបបុរសម្នាក់ថា នឹងរកការងារអោយនាងធ្វើ ហើយជួលផ្ទះអោយនាងសំរាកផងដែរ ។
លុះបានសំរាកផ្ទះជួលថ្មីបានប្រមាណជាងមួយអាទិត្យហើយនាងបានទៅសំរាកនៅមន្ទីរពេទ្យឯកជនមួយយប់ ហើយវង្វេងផ្លូវដោយមិនចាំផ្ទះជួលផង ម្ល៉ោះហើយបានឈរចុចទូរស័ព្ទរកបុរសម្នាក់ខាងលើអោយជូនទៅផ្ទះជួលវិញ តែទាក់ទងមិនបានឡើយ ហើយបងដែលឃើញរូបនាងឈរនៅកន្លែកើតហេតុនាំយកមកប៉ុស្តិ៍ដើម្បីអោយជួយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចសួរនាំទៅលើនារីខាងលើដោយនាងមិនចាំភូមិហើយចាំតែឃុំ ទាស់សួរយ៉ាងណានៅតែមិនចាំភូមិដដែល ហើយសមត្ថកិច្ចបានអោយក្រុមវិទ្យុយកទៅសួរនាំបន្ថែមទៀតដើម្បីស្វែងរកទីលំនៅរបស់នាង៕ សុខាសែនជ័យ