ខេត្តព្រះវិហារ÷កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាអញ្ជើញជួបសំណេះ សំណាលជាមួយនិវត្តជន និងប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានគូសបញ្ជាក់ថា វត្តមានរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត នាឱកាសនេះ ពិតជាបានសបញ្ជាក់ឱ្យឃើញពីការយក ចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម ក្នុងការលើកស្ទួយ ជីវភាពអតីតយុទ្ធជននិងនិវត្តន៍ជន និងគ្រួសារទាំងស្មារតី និងសម្ភារៈក៏ដូចជាការការពារភាពសុខដុមរមនាក្នុងសង្គមជាតិកម្ពុជាប្រកបដោយភាពជឿជាក់និងប្រាកដនិយម។
លោកអភិបាលខេត្តបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារបានគោរពថ្លែងនូវការដឹងគុណ និងសម្តែងនូវភាពស្មោះត្រង់ឥតងាករេ ចំពោះរាជរដ្ឋាភិ បាលកម្ពុជា និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំទាំងអស់គ្នាបានចូលរួមចំណែក ភាតរភាព បំពេញបេសកកម្មរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់តួនាទី និង តម្លៃ របស់អតីត យុទ្ធជន និងនិវត្តជន ឱ្យសក្តិសមទៅនឹងគុណ បំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។ បន្តអនុវត្តតាមតួនាទី ភារកិច្ច ដែលមានចែងក្នុង្គលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, សេចក្តីសម្រេច ចិត្តរបស់មហាសន្និបាត ឬមហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានី ខេត្ត និងសេចក្តីសម្រេច ឬគោលការណ៍ណែនាំផ្សេងៗ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច។
បន្ថែមពីនេះត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើកិច្ចសហការ និងទំនាក់ទំនងឱ្យបានជិតស្និទ្ធល្អប្រសើរ ជាមួយគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បី រួមគ្នាជាធ្លុងមួយ ធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម សុខដុម រមនា និងវិបុលភាពជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ៕ ស តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច