ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជម្រុញឲ្យអាជ្ញាធរជំនាញត្រូវតែដោះស្រាយរាល់ការសំណូមពររបស់ពលរដ្ឋជាមួយនឹងក្រុមហ៊ុន៩៩៩រំលោភយកដីវត្តចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ៖ «យើងត្រូវដោះស្រាយចំពោះបញ្ហាជូនប្រជាពលរដ្ឋដែលពុំទាន់មានកម្មសិទ្ធកាន់ កាប់ដីធ្លីនៅឡើយ នេះហើយជាការកង្វល់ដែលខ្ញុំសំណូមពរ ដល់មន្ទីរដែនដី និងសុរិយោដី ក៏ជាក្រសួងនគរូបនីយកម្ម និងសំណង់ មេត្តាត្រួតពិនិត្យនិងដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង។ ដើម្បីឲ្យមានលំនឹង ហើយតាមធម្មតាមនុស្ស យើងត្រូវមានសិទ្ធិរបស់គាត់គឺ គាត់មានសិទិ្ធបញ្ចេញយោបល់ និងសិទិ្ធរស់នៅរបស់គាត់នេះចង់បានសិទិ្ធកាន់កាប់។ ម្យ៉ាងវិញទៀតបញ្ហាលូ បញ្ហាទឹកស្អាត និងបញ្ហាអគ្គិសនីជាដើម ទាំងនេះគឺសុំសំណូមពរដល់អាជ្ញាធរបន្តខិតខំអ្វីដែលយើងបានសន្យាជាមួយនិងប្រជាពលរដ្ឋ យើងត្រូវតែព្យាយាម ដោះស្រាយជូនប្រជាពលរដ្ឋ ហើយបើមានការយឺតយ៉ាវដោយប្រការណាមួយនោះដោយ កត្តាបច្ចេកទេស ដោយកត្តាធាតុអាកាសមិនអំណោយផលគឺយើងត្រូវជួបប្រជាពលរដ្ឋយើងដើម្បីបញ្ជាក់ឲ្យគាត់ឲ្យដឹងថាយើងបានទទួលសំណូមពរគាត់ហើយ ដោយឡែកយើង ក៏បានដោះជាបណ្តើរៗនូវសំណូមពរនោះ»។

នេះគឺជាប្រសាសន៍លើកឡើងរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ដែលទទួលបានការអញ្ជើញចូលរួមសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីថ្នាក់ដឹកនាំ ក្រុមប្រឹក្សាសង្កាត់ និងមេភូម នៅ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខណ្ឌមានជ័យ។

លោកស្រីឧនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានលើកឡើងពាក់ព័ន្ធនឹងក្រុមហ៊ុន៩៩៩ របស់លោក ថោង សារ៉ាត ដែលបានរំលោភយកដីវត្តចាក់អង្រែក្រោម ដោយបានសង្កត់ធ្ងន់ថា បញ្ហាដែលក្រុមហ៊ុនដែលរំលោភយកដីវត្តនោះគឺ យើងត្រូវតែដោះស្រាយជូន វត្តវិញផងដែរ បញ្ហាដីសាធារណៈរបស់រដ្ឋយើង និងសាសនាន៍របស់រដ្ឋគឺយើងត្រូវរក្សាដដែល ចឹងទេយើងត្រូវដោះស្រាយការងារនេះឲ្យបានល្អ ហើយយើងត្រូវសហការទំនាក់ ទំនងឲ្យជាប់ជាមួយនឹងបណ្តាក្រុមហ៊ុន។ លោកស្រីក៏បានបញ្ជាក់ថា ជូនកាលប្រធានក្រុមហ៊ុនគាត់មិនអីទេ ក៏ប៉ុន្តែអ្នកដែលចុះទៅធ្វើផ្ទាល់នោះគាត់ចេះតែយកគាប់យកគួរជា មួយប្រធានក្រុមហ៊ុនទៅក៏ធ្វើឲ្យប៉ះពាល់ជាមួយពលរដ្ឋ ហើយគេស្អប់គេខឹងគេមិនមែនខឹង ក្រុមហ៊ុនឯណា គេមកខឹងនិងរដ្ឋបាលអាជ្ញាធរយើងឯណេះវិញ។

ជាមួយគ្នានេះផងដែរ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានលើកឡើងជុំបញ្ហាប្រឈមក្នុងមូលដ្ឋាន ជាពិសេសបញ្ហាក្រុមហ៊ុន៩៩៩នេះថា អាជ្ញាធរខណ្ឌបានសហការដោះស្រាយជាមួយសាលារាជធានីភ្នំពេញដែរក្នុងករណីរំលោភ យកដីវត្តធ្វើជាចំណតរថយន្ត។ លោកបន្តថា ក្នុងនោះសាលាខណ្ឌក៏បានបើកវេទិកាសាធារណៈក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៦ នៅតាមបណ្តាសាលាសង្កាត់ចំនួន៣២លើកក្នុង គោលបំណងដោះស្រាយបញ្ហាប្រឈមសព្វថ្ងៃដូចជា៖ ករណីគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង បញ្ហាសំណង់ និងបញ្ហាសំរាម។ល។ ក្នុងនោះលោកអភិបាលខណ្ឌមានជ័យ ក៏បានលើកឡើងដែលប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងខណ្ឌមានជ័យមានប្រជាពលរដ្ឋដែលបានចូលរួមចុះឈ្មោះបោះឆ្នោត៤៦.២៣៦នាក់ ស្រី២៤.៦៤៧នាក់។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានលើកឡើងឲ្យដឹងបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ និងអនុវត្តតាមការណែនាំចង្អុលបង្ហាញផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យបានខិតខំយកចិត្ត ទុកដាក់អនុវត្តតាមច្បាប់ លិខិតបទដ្ឋាននានា ដែលមានជាធរមាន ដើម្បីអនុវត្តឲ្យបានល្អ ប្រសើរគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធរូបវ័ន្ត រួមមាន ផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ជាដើម៕ តាឡឹម

 

img_9035 img_9029 img_9030 img_9028


ចែករំលែក៖