ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្រីក្រទំនាស់ដីធ្លីនៅស្រុកព្រៃនប់ដេករង់ចាំយុត្តិធម៌

ចែករំលែក៖

ខេត្តព្រះសីហនុៈ តំណាងប្រជាពលរដ្ឋរងគ្រោះ ប្រមាណជាង១០នាក់ តំណាងឲ្យ ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅភូមិ ពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហាក់អស់ជំនឿលើអាជ្ញាធរដែនដី គ្រាដែលទំនាស់ដីធ្លីរបស់ពួកគាត់ អូសបន្លាយជាច្រើនខែ ឆ្នាំ ប៉ុន្តែ ចំណាត់ការរបស់អាជ្ញាធរហាក់គ្មានពន្លឺ ។

លោក សៅ សាន តំណាងប្រជាពលរដ្ឋ ដែលមានទំនាស់ខាងលើ បានសម្តែងការខកចិត្ត និងអស់ជំនឿលើអាជ្ញាធរខេត្ត គ្រាដែលដំណោះស្រាយរបស់អាជ្ញាធរហាក់នៅទ្រឹង ពុំមានការវិវឌ្ឍ បើទោះបីគណៈកម្មការដោះស្រាយរបស់ខេត្ត ដឹកនាំដោយ លោក សុខ ផន និង លោក គង់ វិតានះ អភិបាលរងខេត្តព្រះសីហនុបានចុះមកសម្របសម្រួលដោះស្រាយ៣ដងមកហើយក្តី ជាលទ្ឋផល គឺបានត្រឹមតែធ្វើកំណត់ហេតុពន្យារពេលការដោះស្រាយ រួចត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។

ប្រភពដដែលបានបន្តថា អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ អាជ្ញាធរខេត្ត ហាក់មានភាពលំអៀងទៅលើភាគីទំនាស់ម្ខាងទៀត គឺលោក ប៉ុក ប៉ាន់ និង លោក ស្រី ពេជ្រ សោភ័ណ្ទ ដោយយកលេសតែម្យ៉ាងថា លោក ប៉ុក ប៉ាន់ និង លោក ស្រី ពេជ្រ សោភ័ណ្ទ មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ បើទោះបីជាភាគីប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរខេត្ត ជួយជំរុញឲ្យភាគីទំនាស់យកប័ណ្ណកម្មសិទ្ធិដើម្បីកំណត់ព្រុំ និង កំណត់ហេតុអង្កេតដី មកផ្ទៀងផ្ទាត់ជាមួយប្លង់ ឌឺមាស់ របស់ពួកគាត់ ដែលបានទទួលស្គាល់ចាប់តាំងពីថ្នាក់ភូមិ ឃុំ និង ស្រុកយ៉ាងណាក្តី គឺភាគីលោក ប៉ុក ប៉ាន់ និង លោក ស្រី ពេជ្រ សោភ័ណ្ទ ពុំបានយកមក បង្ហាញឲ្យភាគីប្រជាពលរដ្ឋបានឃើញនោះទេ គឺបានត្រឹមតែអះអាងថា អ្វីៗគ្រប់យ៉ាងគឺមានទាំងអស់ ។

លោក សៅ សាន បន្តថា អ្វីដែលក្រុមប្រជាពលរដ្ឋទាមទារឲ្យភាគីម្ខាងទៀតយកប័ណ្ណកម្មសិទ្ធិដើម កំណត់ព្រុំ និង កំណត់ហេតុអង្កេតដី មកផ្ទៀងផ្ទាត់ជាមួយប្លង់ឌឺមាស់ របស់ពួកគាត់នោះ គឺដោយសារតែប្រជាពលរដ្ឋសង្ស័យថា ប័ណ្ណកម្មសិទ្ធិទាំង២០ប័ណ្ណ ដែលកំពុងមានជម្លោះនោះ ពុំមានភាពប្រក្រតី ព្រោះចាប់តាំងពីមានជម្លោះនៅឆ្នាំ២០១២មក គេពុំដែលបានឃើញវត្តមានភាគីអ្នកកសាងប័ណ្ណកម្មសិទ្ធិម្តងណាឡើយ ឃើញតែឈ្មោះក្នុងលិខិតលក់ផ្តាច់ និងភាគី លោកប៉ុក ប៉ាន់ និង លោក ស្រី ពេជ្រ សោភ័ណ្ទ ដែលមានសិទ្ធិគ្រប់គ្រងបន្តត្រឹមតែចំនួន៤ប័ណ្ណតែប៉ុណ្ណោះ ឯ១៦ប័ណ្ណទៀត ក៏ពុំដែលឃើញមានវត្តមាននោះទេ ។

ហេតុនេះ ដើម្បីបញ្ចប់នៅវិវាទដ៏រ៉ាំរ៉ៃនេះឲ្យបានឆាប់ ក្រុមប្រជាពលរដ្ឋ ដែលកំពុងមានជម្លោះ សូមសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយពន្លឿន ក្នុងកិច្ចដំណោះស្រាយនេះផង ។

ក្រោយការសម្របសម្រួលពុំទទួលបានលទ្ធផល ភាគីលោកប៉ុក ប៉ាន់ និង លោក ស្រី ពេជ្រ សោភ័ណ្ទ ពុំបានបកស្រាយអ្វីក្រៅអំពីពាក្យមួយឃ្លាថា ភាគីរបស់លោកស្រី សុំតែយុត្តិធម៌ប៉ុណ្ណោះ។

ជុំវិញបញ្ហាវិវាទដ៏រ៉ាំរ៉ៃនេះផងដែរ លោក សុខ ផន អភិបាលរងខេត្ត បានអះអាងក្នុងកិច្ចប្រជុំថា ចំពោះជម្លោះដីធ្លីនេះ គឺបានធ្លាក់ដល់ដៃតុលាការរួចហើយ ឯលោក មកនេះ បានត្រឹមតែសម្របសម្រួលប៉ុណ្ណោះ លោកពុំបានលូកដៃចូលក្នុងប្រព័ន្ធតុលាការទេ គឺមកដើម្បីផ្សះផ្សាជម្លោះតែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តព្រះសីហនុ ក្នុងមួយរយះចុងក្រោយនេះ ក្រុមប្រជាពលរដ្ឋ ដែលជួបបញ្ហា ហាក់អស់ជំនឿ ព្រោះតែស្ទើរគ្រប់ដំណោះស្រាយ គេពុំដែលបានឃើញទទួលបានលទ្ធផលល្អម្តងណាទេ ជាអាទិ៍ រឿងទំនាស់ដីធ្លីក្នុងសហគមន៍ទាំង១៩, រឿងក្រុមអាណាធិបតេយ្យនៅតំបន់ក្បាលឆាយ, ពយម៉ាចូវ, នៅចំណុចបឹងព្រែកទប់ ក៏ដូចជារឿងបញ្ហាឆ្នេររដ្ឋមួយចំនួនគ្រប់គ្រងដោយឯកជនជាដើម។ល។ ៕ ឆ្លាម សមុទ្រ

se ae ae-1 ae-2

 

dr


ចែករំលែក៖