ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កម្ពុជាមិនចុះចាញ់នឹងការបង្ខិតបង្ខំឬការបំភិតបំភ័យ ទោះក្នុងទម្រង់មួយណាក៏ដោយ ក្នុងការប្រយុទ្ធតតាំងក្នុងសមរភូមិជាមួយសត្រូវឈ្លានពានចង់បានទឹកដីកម្ពុជា។
ការថ្លែងប្រកាសច្បាស់ៗ របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយសូមឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។
សូមជម្រាបថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួបរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្ដីថ្លៃថ្នូរ និងអធិបតេយ្យភាពដោយអង់អាចក្លាហាន និងដោយមិនងាករេដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។
សូមបញ្ជាក់ថា វីរកងទ័ពកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិក៏បានបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិតេយ្យរបស់កម្ពុជា ដូចដែលមានចែងក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដី និងប្រជាជនទោះក្នុងតម្លៃណាក៏ដោយ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច