ខេត្តកណ្ដាល÷ នៅរសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥នេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាងបាន ឱ្យដឹងថា បុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួនត្រូវ បានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះម្នាក់ដែលត្រូវជាប្រពន្ធរបស់មិត្តភក្តិបានសម្រេចរហូតដល់ទៅ ៣ដង នៅក្នុងចម្ការស្វាយ បន្ទាប់ពីនារីរងគ្រោះបានពឹងពាក់ឲ្យជួយឌុបទៅជួបមិត្តភក្តិប្ដីដើម្បីនិយាយរឿងការងារ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី១០ ធ្នូ ២០២៥ នៅចំណុចចម្ការស្វាយ ស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ យឿន វឿន ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ពិនិត្យទឹក នោមមានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ១ឆ្នាំ ពីបទរក្សាទុកគ្រឿងញៀន)។ ចំណែកឯជនរងគ្រោះ ភេទ ស្រី អាយុ ១៨ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅជាមួយប្តីក្នុងភូមិឃុំកើតហេតុ។
លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានពឹងឲ្យជនសង្ស័យជិះម៉ូតូឌុបខ្លួនទៅផ្ទះឈ្មោះ ស៊ីញ (អ្នករួមការងារជាមួយប្តី) ដើម្បីទៅឃាត់កុំឲ្យហៅប្តីរបស់ខ្លួនទៅធ្វើការនៅជិតព្រំដែនវៀតណាម។ ពេលនោះជនសង្ស័យក៏យល់ព្រមជូនទៅ។ ក្រោយពីនិយាយត្រូវរ៉ូវគ្នា ជនសង្ស័យក៏បបួលជនរងគ្រោះ និងឈ្មោះ ស៊ីញ ផឹកស្រាបៀរអស់ម្នាក់ ២ទៅ៣កំប៉ុង។ លុះពេលត្រឡប់មកវិញ ជនសង្ស័យបានឌុបជនរង គ្រោះធ្វើដំណើរមកដល់កន្លែងស្ងាត់ ក៏បានបត់ចូលទៅក្នុងចម្ការស្វាយ រួចធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈលើជនរងគ្រោះរហូតបានសម្រេចចំនួន ៣លើក (លើកទី១ នៅលើម៉ូតូក្បែរគល់ស្វាយ, លើកទី២ នៅក្បែរដើម ចេក និងលើកទី៣ នៅក្នុងរោងចម្ការលើគ្រែឫស្សី) រួចក៏ជិះម៉ូតូគេចខ្លួនបាត់។
លោកវរសេនីយ៍ឯក រស់ ចន្ថា បានបញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភស្ត្រីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច