ព័ត៌មានទាន់ហេតុការណ៍៖

តើទ្រព្យសម្បត្តិរបស់ កំពូលមហាសេដ្ឋីទាំង ៣ របស់ម៉ាឡេស៊ី បានផ្លាស់ប្តូរយ៉ាងដូចម្តេចនៅឆ្នាំ ២០២៥?

ចែករំលែក៖

ទ្រព្យសម្បត្តិរួម បុរសអ្នកមានបំផុតទាំងបីនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើង ៦,១ ពាន់លានដុល្លារនៅឆ្នាំនេះ។

១. លោក Robert Kuok

Robert Kuok ម្ចាស់ក្រុមហ៊ុន Kuok Group នៅតែជាបុរសមានបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១៤,១ ពាន់លានដុល្លារ កើនឡើង ២ ពាន់លានដុល្លារធៀបនឹងខែមីនា នៅពេលដែលទស្សនាវដ្តី Forbes ចងក្រងបញ្ជីប្រចាំឆ្នាំរបស់មហាសេដ្ឋីកំពូលរបស់ពិភពលោកនៅឆ្នាំនេះ។

វាមានន័យថា ពេលនេះ លោក Kuok នៅសល់ ៥ % ទៀតពីការវិលត្រលប់ទៅរកទ្រព្យសម្បត្តិកំពូលរបស់គាត់ដែលមានចំនួន ១៤,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។

ទ្រព្យសម្បត្តិរបស់គាត់បានហក់ឡើងប្រហែល ១១-១២ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ បុរស​វ័យ​១០២​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​បុរស​មាន​បំផុត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាង​មួយ​ភាគ​៥​នៃ​ជីវិត​របស់​គាត់។ 

កើតនៅឆ្នាំ ១៩២៣ នៅ Johor រដ្ឋភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី Kuok គឺជាកូនពៅក្នុងចំណោមបងប្អូនបីនាក់។ ឪពុក​របស់​គាត់​មាន​ដើម​កំណើត​មក​ពី​ខេត្ត Fujian របស់​ប្រទេស​ចិន ធ្វើ​ការ​ជា​ពាណិជ្ជករ​ផ្នែក​ទំនិញ​កសិកម្ម។

គាត់បានទទួលមរតកពីអាជីវកម្មចែកចាយអង្កររបស់គ្រួសារនៅឆ្នាំ 1948 រួមជាមួយបងប្អូនរបស់គាត់ ហើយក្រោយមកបានបង្វែរទៅជាទំនិញដូចជាស្ករស និងម្សៅស្រូវសាលី បន្ទាប់ពីបានបង្កើតក្រុមហ៊ុនKuok Group។ អាជីវកម្មរបស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគាត់ត្រូវបានគេនិយាយថាធ្លាប់បានគ្រប់គ្រងប្រហែល 10% នៃទីផ្សារស្ករពិភពលោក ដែលធ្វើអោយគាត់ទទួលបានរហស្សនាមថា “ស្តេចស្ករអាស៊ី Sugar King of Asia”។

ក្រុមហ៊ុន Kuok Group ក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដូងធំជាងគេលើពិភពលោក និងបណ្តាញសណ្ឋាគារ Shangri-La ផងដែរ។ ទ្រព្យសម្បត្តិរបស់ Kuok ត្រូវបានគាំទ្របន្ថែមទៀតដោយទ្រព្យសម្បត្តិដែលកាន់កាប់តាមរយៈបណ្តាញក្រុមហ៊ុន រួមមាន Kuok (សិង្ហបុរី) Kuok Brothers នៅក្នុងប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Kerry Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

២. លោក Quek Leng Chan 

ចំណាត់​ថ្នាក់​លេខ​ពីរ​គឺ​លោក Quek Leng Chan ដែល​មាន​ទ្រព្យ​សម្បត្តិ ១០,៥​ពាន់​លាន​ដុល្លារ កើន​ឡើង ៦០០​លាន​ដុល្លារ​ធៀប​នឹង​ខែ​មីនា។

ប្រធានក្រុមហ៊ុន Hong Leong ដែលមានអាយុ ៨៣ ឆ្នាំដែលមានចំណាប់អារម្មណ៍លើហិរញ្ញវត្ថុ អាហារ និងទ្រព្យសម្បត្តិ ត្រូវការ ១០០ លានដុល្លារបន្ថែមទៀតដើម្បីត្រឡប់ទៅរកទ្រព្យសម្បត្តិកំពូលរបស់គាត់ដែលមានចំនួន ១០,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។

គាត់បានទទួលមរតកមួយផ្នែកនៃទ្រព្យសម្បត្តិរបស់គាត់ពីឪពុករបស់គាត់ ដែលបានសហការបង្កើតក្រុមធនាគារក្នុងទសវត្សរ៍ឆ្នាំ 1920 ។ បងប្អូនជីដូនមួយរបស់ Quek ឈ្មោះ Kwek Leng Beng ដែលជាមហាសេដ្ឋីសហការគ្នាជាប្រធានក្រុមហ៊ុន Hong Leong Group នៅប្រទេសសិង្ហបុរី។

៣. លោក Lee Thiam Wah

មហាសេដ្ឋីលក់រាយ Lee Thiam Wah អាយុ ៦១ ឆ្នាំដែលបានក្លាយជាមហាសេដ្ឋីកាលពីឆ្នាំមុនឃើញថាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងចាប់តាំងពីខែមីនាជាមួយនឹងការបន្ថែម ៣,៥ ពាន់លានដុល្លារដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៧ ពាន់លានដុល្លារ។

គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ 99 Speed ​​Mart Retail Holdings ដែលជាប្រតិបត្តិករហាងមីនីម៉ាតដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីមានចំនួនហាងជាច្រើន។ ក្រុមហ៊ុននេះបានផ្សព្វផ្សាយជាសាធារណៈនៅលើ Bursa Malaysia ក្នុងឆ្នាំ ២០២៤ ដោយរៃអង្គាសប្រាក់បានចំនួន ៥៣២ លានដុល្លារ។

លោក Lee បានបើកហាងដំបូងរបស់គាត់នៅទីក្រុងកំពង់ផែ Klang ក្នុងឆ្នាំ ១៩៨៧ មុនពេលលក់វា និងបានបង្កើតហាង Pasar Mini 99 នៅក្នុងឆ្នាំ ១៩៩២។ 

ក្នុងឆ្នាំ ២០០០ គាត់បាននាំយកបណ្តាញហាងដែលកំពុងពង្រីករបស់គាត់នៅក្រោមម៉ាកយីហោ 99 Speedmart ដែលចាប់តាំងពីពេលនោះមកបានរីកចម្រើនរហូតដល់ជិត ២.៧០០(ពីរពាន់ប្រាំពីររយ) ហាង។ កូនប្រុសរបស់គាត់ឈ្មោះ Lee Yan Zhong មានតួនាទីជានាយកជំនួសរបស់គាត់ ចំណែកប្រពន្ធរបស់គាត់គឺ Ng Lee Tieng ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលផងដែរ៕


ចែករំលែក៖