ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ត្រី២នាក់ជាមុខសញ្ញាសង្ស័យជាមេកន្ទុយលេខ ដែលសមត្ថកិច្ចឃាត់ខ្កួន រួមនឹងវត្ថុតាងបម្រើឲ្យការកត់កន្ទុយលេខ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្តតាមនីតិវិធី ។
ស្ត្រីទាំង២នាក់ ត្រូវបានសមត្ថក្ច្ចឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពកត់កន្ទុយលេខ នៅក្នុងផ្សារត្រែងត្រយឹង ។ សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅមុនពេលឃាត់ខ្លួន គឺមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមេកន្ទុយលេខកត់នៅក្នុងផ្សារត្រែងត្រយឹង ក៏ចុះឃាត់ខ្លួន រួមនឹងវត្ថុតាងមានដូចជាលុយ និងក្រដាស់សំរាប់កត់កន្ទុយលេខមួយចំនួនទៀតផង។មេកន្ទុយលេខ ដែលបានឃាត់ខ្លួននោះទី១ឈ្មោះ ស្រ៊ុនស្រី ពេជ្រ ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ និងទី២ឈ្មោះហេង ចាន់ដារ៉ា ភេទស្រី អាយុ៥២ឆ្នាំជា(មេធំស៊ីសងដោយខ្លួនអែង)រស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។
មេកន្ទុយលេខនេះ ត្រូវបានប្រជាពលរដ្ឋខ្សឹបថា រកស៊ីជាយូរណាស់មកហើយ តែគេមិនដែលឃើញមានសមត្ថកិច្ចណាចាប់បង្រ្កានបម្តងណាឡើយ ។ ទើបតែពេលនេះ សមត្ថកិច្ចហាក់បីដូចជាភ្ញាក់ពីដេក បង្ក្រាបមេកន្ទុយលេខទាំង២ ខណៈដែល នៅក្នុងផ្សារត្រែងត្រយឹងនេះ មានមេមិនក្រោម១០នាក់ឡើយ នេះមិនទាន់រាប់បញ្ចូលនៅមេកត់តាមតូបខាងក្រៅផ្សារនៅឡើយទេ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលមួយរូប បានបង្នើបថា គ្រាន់តែបញ្ជូនមេកន្ទុយលេខទាំង២មកដល់តុលាការភ្លាម គេឃើញមានសាច់ញាតិរបស់មេកន្ទុយលេខធំរូបនោះ រត់ការខ្វាត់ខ្វែងដើម្បីអន្តរាគមន៍អោយមានការដោះលែង ។ សាច់ញាតិមេកន្ទុយលេខនោះ ជិះសុទ្ធតែរថយន្តស៊េរីទំនើបៗ ហើយពាក់ស្លាកលេខនគរបាលទៀតផង ។ មជ្ឈដ្ឋានប្រជាពលរដ្ឋរង់ចាំមើលថា តើមេកន្ទុយលេខធំ និងកូនកញ្ច្រែងនេះ មានវាសនាយ៉ាងណាក្នុងនោះ មជ្ឈដ្ឋានរង់ចាំមើលថា តើតុលាការខេត្តមានចំណាត់ការយ៉ាងណាចំពោះមេកន្ទុយលេខនេះ?
គួរបញ្ជាក់ថា ស្ត្រី២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕ សេនាស័ក្តិ