ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំ​៥កញ្ចប់ និងម៉ូតូ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកលៀប ឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដកហូតបានថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១-ឈន សុណ្ណារិទ្ធ អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក ទី២-ឈ្មោះ អុន ប៉ារី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣-ឈ្មោះ ស្រៀន លុច្យ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទី៤-ឈ្មោះ ផា ឡា អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិរលាក់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី៥-ឈ្មោះ លឹម អេង អាយុ២៥ឆ្នាំ ទី៦-ឈ្មោះ លឹម សុខអូន អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

លោកឯក សេរីវុធ អធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ក្រោយទទួលបានផែនការណែនាំ ពីថ្នាក់លើក្នុងការយាមល្បាត ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដោយសហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថភាពផ្សេងៗ នៅពេលយប់ ហើយសង្ស័យលើបក្ខពួកជនសង្ស័យ៦នាក់ ដែលបើកម៉ូតូ៣គ្រឿងឌុបគ្នា ឆ្លងកាត់ផ្លូវជាតិលេខ៦ ទើបឃាត់ដើម្បីត្រួតពិនិត្យ ឆែកឆេររកឃើញក្រាមពណ៌សថ្លា ជាថ្នាំញៀនដែលក្រុមទាំងនេះ បានរក្សាទុកដើម្បីយកទៅប្រើប្រាស់ ហើយកម្លាំងដកហូតម៉ូតូ៣គ្រឿង រួមមាន ទី១-Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ២០១២ គ្មានស្លាកលេខ ទី២-ម៉ាកស៊ុយស៊ូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម:1A-7865 និងទី៣-Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម:1L-4491។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕ ជ្រោយពេជ្រ

image4 image1 image2 image3


ចែករំលែក៖