ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងពោធិ៍សាត់ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងដកហូតថ្នាំញៀនជាង ១គីឡូក្រាម

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

​ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងចម្រុះបានចុះបង្ក្រាបចំនួន ៣គោលដៅផ្សេងគ្នា។

​គោលដៅទី១ ភូមិស្ពានថ្ម សង្កាត់រលាប ឃាត់ខ្លួនជន សង្ស័យឈ្មោះ ហម ផារិទ្ធ អាយុ ៤៦ឆ្នាំនិងដកហូតបានថ្នាំញៀន ១កញ្ចប់ (៣.៤១ក្រាម) និងទូរសព្ទ ១គ្រឿង។ តាមចម្លើយសារភាព ជននេះបានទិញថ្នាំញៀនពីឈ្មោះ តុ និងឈ្មោះ ញ្ញា។

​គោលដៅទី២ នៅភូមិមាន់ចែ សង្កាត់ព្រៃញី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ទិត្យបញ្ញា (ហៅញ្ញា) អាយុ ៣៩ឆ្នាំ។ ដកហូតបានថ្នាំញៀន ១កញ្ចប់, ទូរសព្ទ ១គ្រឿង និងម៉ូតូ Scoopy ១គ្រឿង។

​គោលដៅទី៣ នៅភូមិក្បាលហុង សង្កាត់បន្ទាយដី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ស័ក្កសេនា (ហៅតុ) អាយុ ៣៧ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ៨កញ្ចប់ធំ ដែលមានទម្ងន់សរុបដល់ទៅ ១,១៥៥.៦០ ក្រាម (ជាង ១គីឡូក្រាម) រួមជាមួយជញ្ជីងថ្លឹង និងឧបករណ៍សេពមួយចំនួនទៀត។

​វត្ថុតាងសរុបដែលដកហូតបានរួមមាន ​ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនសរុបជាង ១.១៥ គីឡូក្រាម។

​ទូរសព្ទដៃ ៣គ្រឿងនិងម៉ូតូ១គ្រឿង,​ជញ្ជីងថ្លឹងថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយកំប្លេ។

​ជនសង្ស័យទាំង ៣នាក់ សុទ្ធតែមានលទ្ធផលតេស្តទឹកនោម វិជ្ជមាន (+)។ ​តាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះជារបស់ខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ អែម កុសល់ (ដែលកំពុងរត់គេចខ្លួន)។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកដែលនៅសេសសល់៕


ចែករំលែក៖