ព័ត៌មានទាន់ហេតុការណ៍៖

update : រន្ធត់!ស្លាប់២នាក់របួសធ្ងន់ស្រាល៥នាក់ រវាងរថយន្ត២គ្រឿងបុកគ្នានៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង:មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចនគរបាល មកអន្តរាគមន៍បន្ទាប់ពីមានរថយន្ត២គ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះ បណ្ដាលអោយស្លាប់២នាក់របួសធ្ងន់ស្រាល៥នាក់ នៅស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១៤ខែមីនាឆ្នាំ ២០២៦  នៅចំណុចគីឡូម៉ែត្រលេខ១១៦.១១៧ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានអោយដឹងនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៦នេះថារថយន្ត ដែលបើកមិនប្រកាន់ស្តាំ មានឈ្មោះផូ ភ័ក្រ្តា(ស្លាប់)  ភេទប្រុស អាយុ  ៣៤ឆ្នាំ មុខរបរ កសិកររស់នៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ  ស្រុកស្វាយទាប ខេត្តស្វាយរៀងបើករថយន្ត ម៉ាក ព្រុស ពណ៌ប្រផេះ គ្មានស្លាកលេខ។

ចំណែកភាគីម្ខាងទៀត អ្នកបើកបរដែលស្លាប់មានឈ្មោះ សុខ ចាន់ថុន ភេទប្រុសអាយុ ១៧ឆ្នាំមានទីលំនៅភូមិថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀងនិងអ្នករួមដំណើរ៥នាក់រងរបួសធ្ងន់ស្រាល ដោយបើក រថយន្ត ម៉ាកព្រូស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ២.AV៧២៤៦ ខូចខាតធ្ងន់។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ព្រុស ពណ៌ប្រផេះ គ្មានស្លាកលេខ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងទិសដៅពី លិច ទៅទិសខាងកើត មិនប្រកាន់ស្ដាំ ក៏បុកជាមួយនិងរថយន្តមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ២.AV៧២៤៦ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញលេញ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចនគរបាល មកអន្តរាគមន៍ជួយសង្គ្រោះ។

ក្រោយមកសមត្ថកិច្ចនគរបាលបានមកដល់ ធ្វើការជួយសង្គ្រោះអ្នករងរបួសធ្ងន់ស្រាល៥នាក់ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងរីឯអ្នកស្លាប់

ឈ្មោះ សុខ ចាន់ថុន សមត្ថកិច្ច យកមកតម្កល់ទុកនៅវត្តស្វាយជ្រំ ដើម្បើស្រាវជ្រាវរកសាច់ញាតិ ចំណែកអ្នកស្លាប់ឈ្មោះផូ ភ័ក្រ្តា សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចនគរបាលស្រុក បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងបែបនេះ  ដោយសារតែ រថយន្តម៉ាកព្រុសពណ៌ប្រផេះ គ្មានស្លាកលេខ បើកមិនប្រកាន់ស្ដាំ រីឯមធ្យោបាយរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយបន្តតាមច្បាប់។


ចែករំលែក៖