ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ខែមីនានេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោមបានឲ្យដឹងថាដោយមានការយកចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមកាណែនាំពីឧត្ដម សេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាបករណីលេងល្បែង ស៊ីសងជល់មាន់ដោយឃាត់ខ្លួនមនុស្សបីនាក់។
ប្រភពខាងលើបន្តថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង១៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងកំពង់សោម ល្បាតតាមភូមិសាស្ត្រស្មុគស្មាញ មកដល់ចំណុចព្រៃអ្នកតា ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានប្រទះឃើញ មនុស្ស១ក្រុមមានគ្នាប្រហែល២០នាក់ កំពុងលេងល្បែងជល់មាន់ ភ្លាមនោះបានធ្វើការដេញចាប់ប្រផាប់ប្រភីង នឹងឃាត់ខ្លួនមនុស្សញៀនល្បែងចំនួន ០៣នាក់រួមទាំងវត្ថុតាង៖
១/ឈ្មោះ សៅ វណ្ណរ៉ា ភេទប្រុស អាយុ ៤៤ឆ្នាំ(មុខរបរកម្មកររោងចក្រ) ស្នាក់នៅភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ,២/ឈ្មោះ ម៉ៅ ឃ្លីន ភេទប្រុស អាយុ ៣៤ឆ្នាំ(មុខរបរកម្មករ)ស្នាក់នៅក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និង៣/ឈ្មោះ សុផុន វិរះ ភេទប្រុស អាយុ ២៦ឆ្នាំ(មុខរបរកម្មករ)ស្នាក់នៅភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
+វត្ថុតាងដកហូតរួមមាន៖
-សត្វមាន់គកចំនួន ០៣ក្បាល ងាប់០១ក្បាល
-ជញ្ជីងថ្លឹងចំនួន ០១គ្រឿង
-កន្ត្រកដាក់សត្វមាន់ចំនួន ០២កន្ត្រក
-ខ្នាយដែកចំនួន ០២គូ
-ម៉ូតូចំនួន ១១គ្រឿង
បច្ចុប្បន្នអ្នកទាំង ៣នាក់ រួមទាំងវត្ថុតាងខាងលើ ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្ដតាមនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច