សារព័ត៌មាន AFP បានផ្សាយថានាថ្ងៃសុក្រ ទី២០ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកកំពុងពិចារណាកាត់បន្ថយប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែបានបញ្ជាក់ថា លោកមិនស្វែងរកបទឈប់បាញ់ឡើយ។
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា «សហរដ្ឋអាមេរិក កំពុងខិតកាន់តែកៀកមែនទែនហើយក្នុងការសម្រេចកម្មវត្ថុរបស់យើង ខណៈយើងកំពុងពិចារណាកាត់បន្ថយកិច្ចប្រឹងប្រែងយោធាដ៏អស្ចារ្យរបស់យើង នៅមជ្ឈិមបូព៌ា»។ វាគឺជាសញ្ញារឹងមាំជាងគេគិតមកទល់ពេលនេះ ដែលបង្ហាញថា លោក ត្រាំ ហាក់អាចត្រៀមខ្លួនបិទបញ្ចប់ជម្លោះ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ក្នុងពេលឆាប់ៗ។ ប៉ុន្តែថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោកប្រធានាធិបតីអាមេរិក បាននិយាយថា រូបលោកមិនស្វែងរកបទឈប់បាញ់ជាមួយអ៉ីរ៉ង់ទេ ព្រោះលោកយល់ថា អាមេរិកបានទទួលជ័យជម្នះរួចទៅហើយ និងមានប្រៀបជាខ្លាំងលើអ៉ីរ៉ង់។
ភ្លាមៗក្រោយការបង្ហោះសាររបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានបង្ហោះសារលើបណ្តាញសង្គម X ដែរថា លោកប្រធានាធិបតី និងមន្ទីរបញ្ចកោណអាមេរិក ធ្លាប់បានព្យាកររួចហើយថា វានឹងត្រូវចំណាយពេលប្រហែលចន្លោះ៤ទៅ៦សប្តាហ៍ ដើម្បីសម្រេចគោលដៅប្រតិបត្តិការនេះ ខណៈមកដល់ថ្ងៃសៅរ៍សប្តាហ៍នេះ គឺគម្រប់រយៈពេល៣សប្តាហ៍។ អ្នកនាំពាក្យបានបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ របបដឹកនាំអ៉ីរ៉ង់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយសមត្ថភាពគំរាមកំហែងរបស់អ៉ីរ៉ង់ ចំពោះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ត្រូវបានធ្វើឱ្យចុះទន់ខ្សោយជាខ្លាំង។
ទោះជាបែបនេះក៏ដោយ កាលពីថ្ងៃសុក្រ ក្រុមមន្រ្តីអាមេរិកបានបង្ហើបឱ្យដឹងថា យោធាអាមេរិក កំពុងដាក់ពង្រាយកងម៉ារីនជាង២០០០នាក់បន្ថែម រួមជាមួយកងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា។ មន្រ្តីអាមេរិកបាននិយាយថា ពុំទាន់មានការសម្រេចចិត្តធ្វើឡើងនៅឡើយទេ ជុំវិញការបញ្ជូនទ័ពចូលទៅអ៉ីរ៉ង់ ប៉ុន្តែការដាក់ពង្រាយយោធានឹងត្រូវពង្រឹង ដើម្បីត្រៀមសម្រាប់លទ្ធភាពនៃប្រតិបត្តិការថ្មីទៀតនាពេលខាងមុខ នៅក្នុងតំបន់។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកគ្មានផែនការបញ្ជូនកងទ័ពចូលទៅអ៉ីរ៉ង់ទេ ប៉ុន្តែប្រសិនបើលោកសម្រេចចិត្តធ្វើបែបនោះក៏ដោយ គឺលោកនឹងមិនប្រាប់ពួកគេឱ្យដឹងមុនឡើយ៕ ដោយ៖ ធីរីណា

រូបថត៖ tienphong
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច