ភ្នំពេញ៖ តារាចម្រៀង Original Song ប្រុសស្រី ល្បីឈ្មោះជាច្រើនរូប នឹងចូលរួមច្រៀងក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌មួយមានឈ្មោះថា “ក្តីសង្ឃឹម១” ប្រយោជន៍ស្វែងរកថវិកាជួយដល់សិល្បករ ពិសេសដល់សមាគមន៍ចាប៉ីបុរាណខ្មែរ។ ព្រឹត្តិការណ៍ធំនេះនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងបរិវេណផ្សារទំនើបសុវណ្ណា។
វត្តមានតារាចម្រៀង មួយចំនួនមានដូចជា លោកហេង ពិទូ កញ្ញាអេដា លោកសូណូ លោកកាន់ ពេជ្រ និងលោកម៉ា ច័ន្ទបញ្ញា នឹងបង្កើតទស្សនីយភាពទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនតាមរយៈបទចម្រៀងថ្មីៗពេញនិយមរបស់ពួកគេ ។
គោលបំណងនៃការបង្កើតកម្មវិធីនខាងលើត្រូវបានតំណាងអ្នកផលិតកម្មវិធីលើកឡើងថា បច្ចុប្បន្នសិល្បៈផ្នែកសម័យកំពុងទទួលបានការគាំទ្រ និងពេញនិយមក្នុងស្រទាប់យុវវ័យ ខណៈសិល្បៈបុរាណខ្មែរខ្លះ ហាក់មិនសូវមានវត្តមានក្នុងសកម្មភាពសិល្បៈខ្មែរ ដែលជាហេតុឆ្ពោះទៅរកការសាបសូន្យ ។ ចាប៉ីបុរាណខ្មែរកំពុងទទួលរងនូវការគំរាមកំហែង និងការបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ឯជីវិត និងជីវភាពអ្នកសិល្បៈបុរាណកាន់តែធ្លាក់ចុះដុនដាបទៅ និងគ្មានការយកចិត្តទុកដាក់ហេតុនេះហើយទើបជំរុញឲ្យផ្សារទំនើបសុវណ្ណាបង្កើតកម្មវិធីសប្បុរសធម៌“ក្តីសង្ឃឹម១”ដើម្បីសហគមន៍ចាប៉ីអមតៈដើម្បីទ្រទ្រង់សហគមន៍សិល្បៈចាប៉ីបុរាណខ្មែរជំរុញសិល្បៈចាប៉ីបុរាណខ្មែរឲ្យសកម្មក្នុងសង្គមកាន់តែច្រើន និងបង្ហាញឲ្យកុលបុត្រខ្មែរជំនាន់ក្រោយបានស្គាល់និងរួមគ្នាជួយអភិរក្សសិល្បៈចាប៉ីបុរាណខ្មែរដ៏ចំណាស់មួយនេះបានគង់វង្ស ៕ វឌ្ឍនា