ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូមួយខ្សែនៅខាងលើនេះផងបាន ខូចក្រហេងក្រហូង ដូចថ្លុកក្របី ធំទៅៗហើយ សូមអាជ្ញាធរខណ្ឌ៧មករា និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។ ទីតាំងផ្លូវនេះស្ថិតនៅផ្លូវលេខ១៣៩ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះ ចាប់ខូចជាយូរមកហើយ ដោយកាលពីមុនមានក្រឡុកតូចទេ ឥឡូវនេះក្រឡុកចាប់រីកធំទៅៗ ហើយក៏មិនដែលឃើញមានមន្រ្តីជំនាញខណ្ឌ ឫក៏មន្ទីរសាធារណ:ការចុះមកត្រួតពិនិត្យទេ គឺទុកឲ្យផ្លូវនេះខូចកាន់តែខ្លាំងទៅៗ ដូចថ្លុកក្របីហើយ។
លើសពីនេះទៀត អាជ្ញាធរដែនដីចុះ មិនធ្លាប់យកចិត្តដាក់រឿងនេះឡើយ គឺទុកឲ្យផ្លូវខូចក្លាយជាជង្ហុក ក្រហេង ក្រហូង ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពិបាកខ្លាំងណាស់។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញជាពិសេសសាលាខណ្ឌ៧មករា និងមន្ទីរសាធារណៈការមេត្តាចុះទៅ ពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានត្រង់ៗទៅអភិបាលគ្រប់ ខណ្ឌក្រោមឱវាទ គឺតម្រូវឲ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិ សាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ បើការងារនេះ ធ្វើមិនបានទេ មានន័យថា អសមត្ថភាព ចឹងគួរដើរចេញតែម្តងទៅ ទុកឲ្យគេមានសមត្ថភាពធ្វើម្តង៕ ស រស្មី