ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអង្គការមួយនៅស្រុកស្អាងកិបកេងលុយជិត១០លានរៀលត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ បុគ្គលិកផ្នែកឥនទានរបស់អង្គការលើស្ទួយសេដ្ឋកិច្ចគ្រួសាររីករាយ ត្រូវបានប្រធានអង្គការប្តឹងសមត្ថកិច្ចនគរបាលស្រុកស្អាងឲ្យជួយអន្តរាគមន៍ចាប់ខ្លួន បន្ទាប់ពីរកឃើញថាបុគ្គលិករូបនេះក្បត់ទំនុកចិត្តលួចកិបកេងលុយជិត១០លានរៀល ។ បុរសជាបុគ្គលិកខាងលើនេះត្រូវសនត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន កាលពីវេលាម៉ោង៤ និង២៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ខណៈហៅយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក តាមការឯកភាពលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ញ៉េង ស្រ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ ជាបុគ្គលិកផ្នែកឥនទាន អង្គការលើស្ទួយសេដ្ឋកិច្ចគ្រួសាររីករាយ មានទីលំនៅភូមិពោធិ៍រាមា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្កាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ប៊ុត បាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាប្រធានអង្គការលើកស្ទួយសេដ្ឋកិច្ចគ្រួសាររីករាយ ដែលមានទីតាំងនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ។

លោកអធិការបានបន្តថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះជាប្រធានអង្គការបានស្រាវជ្រាវរកឃើញថា បុគ្គលិកអង្គការរបស់ខ្លួនឈ្មោះ ញ៉េង ស្រ៊ាង (ជនសង្ស័យ)លួចកិបកេងលុយរបស់អង្គការចំនួន៨.៦១៥.៣០០រៀល នាពេលកន្លងមក ។ បន្ទាប់ពីមានភស្តុតាងច្បាស់លាស់ប្រធានអង្គការបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ។ លោក សេង សុជាតិ បានបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង លោកបានឲ្យសមត្ថកិច្ចនគរបាលយុត្តិធម៌កោះហៅឈ្មោះ ញ៉េង ស្រ៊ាង ដែលជាបុគ្គលិកជាប់សង្ស័យយកមកធ្វើការសាកសួរ រហូតឈានដល់ធ្វើការឃាត់ខ្លួនតាមការឯកភាពលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

លោកអធិការបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីជនសង្ស័យឈ្មោះ ញ៉េង ស្រ៊ាង ជាបុគ្គលិកអង្គការទទួលស្គាល់និងសារភាពជុំវិញករណីកិបកេងលុយជិត១០លានរៀលតាមការចោទប្រកាន់របស់ប្រធានអង្គការ ៕ ស្អាងជ័យ

se44w2


ចែករំលែក៖