ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅប្រទេស អូស្ត្រាលី និងញូវហ្សេលែនកាន់តែដឹង និងទទួលបានព័ត៌មានពិតប្រាកដពីប្រទេស កម្ពុជា ។ លោក ហ៊ុន ម៉ាណែត បានដឹកនាំយុវជនមួយក្រុមវិលត្រលប់មកកាន់មាតុប្រទេសវិញកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បន្ទាប់បញ្ចប់ទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនិងញូវហ្សេលែនរយៈ ពេល១៣ថ្ងៃ ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីនិង ប្រទេសញូវហ្សេលែនសប្បាយចិត្តយ៉ាងខ្លាំងនៅពេលទទួលបានព័ត៌មានពិតពីស្រុកកំណើតរបស់ខ្លួន ទោះជំនួបនិងការទទួលទានអាហារសាមគ្គីមហាគ្រួសារខ្មែរនៅ ទីនោះមានការតវ៉ាប្រឆាំងយ៉ាងណាក៏ ដោយ ។
លោក ហ៊ុន ម៉ាណែត បានបន្តថា ការ តវ៉ាប្រឆាំងណាមួយគឺសិទ្ធិរបស់គេតែអ្វី ដែលក្រុមយុវជនពីកម្ពុជាទៅទស្សនកិច្ចនៅអូស្ត្រាលី និងប្រទេសញូវហ្សេលែន គ្រាន់តែចង់ដឹងពីសុខទុក្ខរបស់ប្រជាពល រដ្ឋខ្មែររស់នៅទីនោះដែលបែកគ្នាជាង៣០ឆ្នាំប៉ុណ្ណោះ ។
លោក ហ៊ុន ម៉ាណែត បានលើកឡើង ថា ពាក្យ «អាខ្មោចស៊ីពែ អាប្រេតស៊ីពែ» ដែលប្រើក្នុងបាតុកម្មរបស់លោក ហុង លីម តំណាងរាស្រ្តរដ្ឋវិកតូរៀប្រឆាំងនឹងវត្តមានរបស់លោកនៅប្រទេសអូស្រ្តាលីនាថ្មីៗ នេះមិនមែនជាការបញ្ចេញមតិនោះទេ។ លោកថា វាបានផ្ទុយពីសារនៃការបញ្ចេញ មតិនៅពេលធ្វើបាតុកម្មក្នុងប្រទេសប្រជាធិបតេយ្យ ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «បាតុកម្មជាការប្រមូលផ្ដុំនៃការបញ្ចេញមតិធ្វើអ្វីមួយតើសារនៅពេលបាតុកម្មនោះជាអ្វី ក្រៅពីបញ្ឆេះឲ្យជេរពាក្យថា អាប្រេតស៊ីពែ អាខ្មោចស៊ីពែនេះឬជាសារក្នុងការបញ្ចេញមតិ តើវាចំណេញអី?» ។
ការអះអាងបែបនេះរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងសន្និសីទ កាសែតនៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៦ បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាក្រោយ ធ្វើទស្សនកិច្ចនៅប្រទេសអូស្រ្តាលីជាង ១០ថ្ងៃ ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លង ទៅនេះក្រុមអ្នកធ្វើបាតុកម្មដឹកនាំដោយ លោក ហុង លីម បានប្រើពាក្យអសុរោះ ជាច្រើនជេរប្រមាថទៅលើលោក ហ៊ុន ម៉ាណែត ក៏ដូចជាអ្នកចូលក្នុងពិធីសំណេះសំណាលទាំងនោះដែរ ។
បើទោះបីរស់នៅលើប្រទេសដែលថ្លៃថ្នូរ តែក្រុមបាតុករអូសទាញដោយលោក ហុង លីម ត្រូវបានគេបង្គាប់ឲ្យហៅអ្នកចូលរួមជាមួយលោក ហ៊ុន ម៉ាណែតថា «ខ្មោចស៊ី ពែ» ហើយមានក្រុមបាតុករខ្លះទៀតបាន ជេររាលដាលដល់អតីតព្រះមហាក្សត្រខ្មែរថែមទៀត។ លោក ហ៊ុន ម៉ាណែត មាន ប្រសាសន៍ថា ក្នុងនាមជាខ្មែរមួយរូបខ្ញុំមានមោទនភាពចំពោះប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសចំពោះភាពជោគជ័យនិងនាំមកនូវកិត្តិយសជាតិរបស់យើង ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ខ្មែរយើងបានចាកចេញពីប្រទេសដោយលំបាកដោយសារសង្គ្រាម ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋមានលទ្ធភាពកសាងជីវភាពនិងអនាគតបានល្អប្រសើរ ទោះបីខ្មែរទៅ ដល់ទីណាក៏នៅជាខ្មែរយើងនៅតែមាន អត្តសញ្ញាណខ្មែរ ។ យើងត្រូវរួបរួមសាមគ្គី ស្រឡាញ់រាប់អានគ្នានិងជួយគ្នាក្នុងនាមជាខ្មែរតែមួយ ។
គួរបញ្ជាក់ថា នៅក្នុងឱកាសជួបជាមួយបងប្អូនខ្មែរនៅក្រៅប្រទេសលោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីបញ្ហាដីធ្លី បញ្ហាព្រំដែន បញ្ហាអន្តោប្រវេសន៍ខុស ច្បាប់ បញ្ហាសិទិ្ធសេរីភាពក្នុងការបញ្ចេញ មតិនៅក្នុងប្រទេសកម្ពុជាដោយលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំយក ចិត្តទុកដាក់ចំពោះបញ្ហាព្រំដែននៅលើដីគឺការដោះស្រាយបញ្ហាផែនទីតាមទិដ្ឋភាព ច្បាប់ ។ ចំណែកបញ្ហាជនអន្តោប្រវេសន៍ រាជរដ្ឋាភិបាលបានបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការលើរឿងនេះ ។ លើសពីនេះរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់បង្កើនសេដ្ឋកិច្ចជាតិដើម្បីអោយប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារ។ យើងត្រូវដោះស្រាយការពារព្រំដែនខ្មែរដើម្បីប្រជាជនខ្មែរនិងកូនចៅជំនាន់ក្រោយៗ ។
នៅក្នុងដំណើរទស្សនកិច្ចនេះក្រៅពី ជួបជាមួយសមាជិកសភា សមាជិកព្រឹទ្ធ សភា រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល និស្សិត ពាណិជ្ជករ និងជួបជុំពិសាអាហារសាមគ្គី មហាគ្រួសារខ្មែរលោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែររួមទាំងក្រុមការងារបាន ឆ្លៀតពេលដ៏មមាញឹកចូលថ្វាយបង្គំព្រះ សង្ឃនិងសួរសុខទុក្ខបងបងប្អូនប្រជាពុទ្ធបរិស័ទខ្មែរបានចំនួន៣វត្តផងដែរ(មួយវត្តនៅអូស្ត្រាលីនិង២វត្តនៅណូវែលហ្សេ ឡង់)។ នៅក្នុងឱកាសនោះដែរលោកហ៊ុន ម៉ាណែត បានចូលបច្ច័យកសាងនៅក្នុងទីអារាមទាំងនោះក្នុងគោលបំណងលើក ស្ទួយវប្បធម៌ជាតិខ្មែរនិងព្រះពុទ្ធសាសនា ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរនៅក្រៅប្រទេស ៕ ហេង សូរិយា