ខេត្តសៀមរាប ៖ សំណង់ផ្ទះនិងរបង របស់លោក លឹម សុទ្រី អនុប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តសៀម រាបដែលសាងសង់គ្មានច្បាប់ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាមហើយបានបិទផ្លូវផ្ទះប្រជាពលរដ្ឋចំនួន៣គ្រួសារមិនឲ្យចេញចូលត្រូវបានមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្តគ្រោង ចាត់វិធានការតាមផ្លូវច្បាប់ ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដីខេត្តសៀមរាបបានថ្លែងថា សំណង់ផ្ទះ របស់លោក លឹម សុទ្រី អនុប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនគឺពិតជាបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាតតែ សំណង់នោះត្រូវបានគេសង់រួចរាល់ទៅហើយ។ ទោះជាយ៉ាងណាលោកនឹងចាត់ វិធានការតាមច្បាប់ស្តីពីការសាងសង់។ ដោយឡែកករណីលោក លឹម សុទ្រី បិទផ្លូវ មិនឲ្យប្រជាពលរដ្ឋចំនួន៣គ្រួសារឆ្លងកាត់នោះវិញលោក ហ៊ី សាយ បានប្រាប់ថា រឿងនេះបានទៅដល់ដៃតុលាការហើយ ។
លោក ស៊ូរ ប្លាតុង អភិបាលក្រុងសៀម រាបបានថ្លែងថា ករណីនេះគឺបានចូលទៅ ដល់ដៃតុលាការហើយៗថាពេលនេះលោកកំពុងរង់ចាំដីការក្សាការពារពីតុលាការ ដើម្បីកាត់សោបើកផ្លូវឲ្យប្រជាពលរដ្ឋ៣ គ្រួសារនោះបានធ្វើដំណើរចេញចូលផ្ទះ របស់ពួកគាត់ឡើងវិញ ។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ជាង៧យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅប្រជាពលរដ្ឋចំនួន៣គ្រួសាររស់ នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង សៀមរាបបានផ្ទុះការតវ៉ាផ្អើលដល់សមត្ថកិច្ចទាំងយប់ក្រោយពីលោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានចាក់សោបិទទ្វាររបង មិនឲ្យពួកគាត់ឆ្លងកាត់ចេញចូលផ្ទះដែលពួកគាត់ធ្លាប់ចេញចូលរាល់ថ្ងៃ ។
តាមសម្តីរបស់ប្រជាពលរដ្ឋទាំង៣ គ្រួសារនិយាយថា ពួកគាត់ស្នាក់នៅកន្លែងកើតហេតុខាងលើនេះជាយូរឆ្នាំណាស់មកហើយតាំងពីមិនទាន់មានផ្ទះលោក លឹម សុទ្រី មកម្លេ៉ះ ។ ពួកគាត់បន្តថា កន្លងមក ក៏ធ្លាប់មានលោក ស៊ូរ ប្លាតុង អភិបាលក្រុង សៀមរាបបានចុះធ្វើអន្តរាគមន៍ជាច្រើន ដងហើយ ប៉ុន្តែទោះបីយ៉ាងណាលោកអនុ ប្រធានមន្ទីរសាធារណការរូបនេះនៅតែធ្វើរបងបិទផ្លូវមិនឲ្យពួកគាត់ដើរចេញចូល តែម្តង ។
លោក ខៀវ សត ចៅសង្កាត់ស្លក្រាម បានថ្លែងថា លោក លឹម សុទ្រី ដែលជាម្ចាស់ ដីបានចាក់ទ្វាររបងបិទផ្លូវទាំងយប់មិនឲ្យពលរដ្ឋដែលរស់ខាងក្រោយដីនោះធ្វើ ដំណើរឆ្លងកាត់ឡើយ ខណៈដែលផ្លូវនេះ ពួកគាត់ធ្លាប់ចេញចូលជាយូរឆ្នាំណាស់មកហើយ ។
លោកចៅសង្កាត់បន្តថា លោក លឹម សុទ្រី ធ្វើរបងបិទផ្លូវមិនឲ្យប្រជាពលរដ្ឋ ចេញចូលនេះដោយមិនមានច្បាប់អនុញ្ញាត ពីអាជ្ញាធរដែនដីនោះទេ លុះពេលមានរឿង បិទផ្លូវទើបលោកបានដឹង៕ ហេង នរិន្ទ្រ