ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកស្នើហ្វីលីពីនបកស្រាយពីការប្រកាសកាត់ផ្តាច់ទំនាក់ទំនង

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២១ ខែតុលា បានស្នើដល់ប្រធានាធិបតី ហ្វីលីពីនលោក ឌុយទែរតេ បកស្រាយពីការប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកឲ្យបានច្បាស់លាស់។

លោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា យើង កំពុងតែស្វែងរកការបកស្រាយឲ្យបានច្បាស់លាស់ពីប្រធានាធិបតីហ្វុីលីពីនថាតើលោកមានបំណងបែបណាពេលប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ។ លោកបន្តទៀតថាការវិភាគរបស់លោកឌុយទែរតេគឺមិនអាចបកស្រាយបានដោយសារតែប្រទេសទាំង២មានទំនាក់ទំនងល្អប្រសើរនឹងគ្នា។

មន្ត្រីជាន់ខ្ពស់របស់អាមេរិកមួយរូបបានឲ្យដឹងថា ហ្វីលីពីនមិនទាន់មានសំណើណា មួយជាផ្លូវការក្នុងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រទេសទាំង២នៅឡើយទេ បើទោះបី ប្រធានាធិបតីឌុយទែរតេបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកពេលធ្វើដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិនក៏ដោយ។

លោកឌុយទែរតេបានប្រកាសថា អាមេរិកមិនអាចបញ្ជាក់ការរស់នៅរបស់យើងឡើយ។ នៅក្នុងទីក្រុងប៉េកាំងលោកឌុយទែរតេ បញ្ជាក់ថា ធ្វើយ៉ាងណាដើម្បីក្លាយជាប្រទេសឧស្សាហកម្មខ្លាំងបំផុតនៅពេលដែលខ្ចីលុយចិនមិនបាច់សង។

ក្នុងពេលជាមួយគ្នានោះប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រកាសថា ទំនាក់ ទំនងជាមួយហ្វីលីពីនជាទំនាក់ទំនងប្រទេសជិតខាងឆ្លងសមុទ្រ ហើយគ្មានមូលហេតុអ្វីដែលយើងត្រូវចងគំនុំនិងប្រឈមមុខដាក់គ្នានោះឡើយ។

ក្រសួងការបរទេសចិនបានប្រកាសផងដែរថា អ្វីដែលជាផលលំបាកនៅក្នុងទំនាក់ទំនងត្រូវពន្យារពេលពិភាក្សា ហើយជំនួបរវាងប្រធានាធិបតីហ្វុីលីពីននឹងលោកស៊ី ជីនពីងគឺជាជំនួបប្រវត្តិសាស្ត្រ។

សូមរំលឹកផងដែរថា នៅពេលដែល លោកឌុយទែរតេ ចូលដល់ទីក្រុងប៉េកាំងលោកបានបញ្ជាក់ថា ដល់ពេលលាអាមេ រិកហើយ ។ មិនតែប៉ុណ្ណោះលោកក៏បានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីអូបាម៉ាទៀតផង។

សារព័ត៌មាន Inquirer បានដកស្រង់សម្តីលោកឌុយទែរតេបញ្ជាក់ថា អស់លោកបាននៅក្នុងប្រទេសខ្ញុំដើម្បីផលប្រយោជន៍របស់ខ្លួនពេលនេះជាពេលវេលាដែលនិយាយថា លាហើយមិត្តរបស់ខ្ញុំ។ លោក បញ្ជាក់ទៀតថា លោកនឹងមិនទៅកាន់ អាមេរិកទៀតឡើយ ដោយសារតែនៅទីនោះលោកទទួលបានតែការបំពានមិនឲ្យតម្លៃសោះតែម្តង ។ មិនតែប៉ុណ្ណោះ លោកឌុយទែរតេបានហៅប្រធានាធិបតីអូបាម៉ាជា “កូនប្រុសស្រីសំផឹង”។

ប្រធានាធិបតីហ្វីលីពីនកំពុងតែទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិនគឺជាដំណើរទស្សនកិច្ចដែលទីក្រុងម៉ានីលរំពឹងថា នឹងមានការរីកចម្រើននៅក្នុងទំនាក់ទំនងនិងបង្វែរទិសដៅពីអាមេរិកមកកាន់ចិនវិញទាំងនោះជាគោលដៅថ្មីរបស់ហ្វុីលីពីន។ កិច្ចសន្ទនាជាមួយសហគមន៍ជនជាតិហ្វុីលីពីននៅក្នុងប្រទេសចិនលោកឌុយទែរតេ បានបញ្ជាក់ថា ទីក្រុងម៉ានីលទទួលបានផលប្រយោជន៍តិចតួចណាស់ពីសម្ពន្ធមិត្តយូរឆ្នាំរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោនជាប្រទេសដែលធ្លាប់ធ្វើអាណានិគមមកលើហ្វុីលីពីន៕ ម៉ែវ សាធី

_91997642_gettyimages-615775098 xijinping-duterte-china


ចែករំលែក៖