ភ្នំពេញ៖ បន្ទាប់ពីមានការចែកចាយព័ត៌មានកាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា មានកម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្រ្តីនគរបាលពាក់ផ្តាយ២ម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធផ្តល់ទីតាំងដល់ក្រុមជនល្មើសចង់ប្រព្រឹត្តបទល្មើស Online Scams ក្នុងបុរីកំពុងសាងសង់មួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីម្សិលមិញ។
ជាក់ស្ដែងបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មិនមានការឃាត់ខ្លួនមន្រ្តីនគរបាលដូចការផ្សព្វផ្សាយនោះឡើយ ពោលសមត្ថកិច្ចរបស់លោកគ្រាន់តែអញ្ជើញភរិយាគាត់ មកសួរនាំបន្ថែម ពីព្រោះបុរីដែលកំពុងសាងសង់នោះ មានការដឹកជញ្ជូនសម្ភារមួយចំនួនចូល ដែលចង់ប្រព្រឹត្តបទល្មើស Online Scams។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា ស្រ្តីជាប្រពន្ធរបស់គាត់ គឺម្ចាស់បុរីនៅសង្កាត់ស្វាយប៉ាក ហើយកាលពីម្សិលមិញមានអ្នករត់ផាសអាប់ ដឹកទូរស័ព្ទ និងសម្ភារផ្សេងទៀត ចូលទីតាំងនេះ ដែលសង្ស័យចង់ជួលប្រព្រឹត្តបទល្មើស Online Scams តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបទាន់។
បើលោកឧត្តមសេនីយ៍ស្នងការ, ក្រោយការសួរនាំ គាត់ជាម្ចាស់បុរី មិនពាក់ព័ន្ធ ក៏ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ហូរ សុខហេង មិនមែនជាមន្រ្តីនគរបាលនោះទេ គាត់ជាមន្រ្តីអាវុធហត្ថ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំង ចំនួន៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក រួមមក ក្រុមការងារបានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំ នៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP០៣ រួមមាន៖ ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (All in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច