ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សចំនួន០៣នាក់បានស្លាប់បាត់បង់ជីវិត ជាបន្តបន្ទាប់ និងចំនួន១១នាក់ផ្សេងទៀត បានរងរបួសស្រាល ធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗគ្នាចំនួន៨ករណីនៅទូទាំងខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងអំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ ស្រាលខាងលើថា កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងម៉ូតូ បុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិច-កើត) ។
លុះ រសៀលថ្ងៃទី២២ ខែតុលា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍១ដែរ ដោយរថយន្តម៉ាក ឆុនរ៉ា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២AH ៨៩៥៧ បានបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះ រងរបួសប្តី និងប្រពន្ធមានផ្ទៃពោះផងនោះ(ធ្ងន់) ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិច-កើត)។
នៅព្រឹកថ្ងៃទី២៤ ខែតុលា នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកបន្ថែមទៀត ដោយរថយន្តកាមរីបាឡែន ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២AG១៦០១ បានបុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់២នាក់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិច-កើត) ។
ប្រភពព័ត៌មានខាងលើបន្តថា រសៀលថ្ងៃទី២៤ ខែតុលា នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់បង្គោលគីឡូម៉ែត្រលេខ ២ ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលា ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរារណ៍ដែរ ដោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១GB ៦២៦៨ បានជ្រុលចង្កូតបុកបង្គោលគីឡូម៉ែត្រ លេខ ២ បណ្ដាលឲ្យរបួសធ្ងន់ ខណៈធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។
ចំណែកល្ងាចថ្ងៃទី២៤ ខែតុលាដដែល នៅកណ្ដាលក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដោយម៉ូតូបុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន ៣នាក់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(កើត-លិច)។
ប្រភពដដែលបន្តទៀតថាកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលលេខ ២១៨-២១៩ ស្ថិតក្នុងភូមិ-ឃុំស្វាយដូនកែវ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកដែរ ដោយរថយន្តម៉ាក ហុីណូ ពណ៏សឆ្នូតខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៤A ១៩៥៩ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ស្របទិសគ្នា) បានបុកគូថរថយន្តម៉ាក ហ្វុយហ្សូ ពណ៏ខៀវឆ្នូតលឿង ពាក់ស្លាកលេខ ព្រះសីហនុ ៣A ១៧៨៨ រួចបន្តរុញទៅបុករថយន្ត១គ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៏ទឹកដោះគោ ពាក់ស្លាកលេខ ព្រះសីហនុ ៣A ១៧៦៧ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងចូលស្នាមភ្លោះ របួសធ្ងន់ស្រាល០២នាក់ ។
លុះវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែតុលា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកទៀត ដោយរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AC ៨២០៩ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែបានបុកបើកឆ្លងផ្លូវពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់ម្នាក់ ហើយនៅព្រឹកថ្ងៃទី២៥ ខែតុលា នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៩-២២០ ស្ថិតក្នុងភូមិ-ឃុំស្វាយដូនកែវ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ជាលើកទី២ម្ដងទៀត ដោយរថយន្តម៉ាក អុីស៊ុយស៊ុយ ពណ៏បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣A ២៤៣០ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើស្រាប់តែរថយន្តបង្កបានដាច់កង់មុខផ្នែកខាងឆ្វេង រត់ទៅបុកលោកយាយម្នាក់ ខណៈគាត់កំពុងបោសសំរាមនៅមុខផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេចយ៉ាងអាណោចអាធ័ម ។
ប្រភពដដែលបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃ ក្នុងខែតុលានេះ មានចំនួន៨លើក បណ្ដាលឲ្យមនុស្សចំនួន០៣នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន១១នាក់ទៀតនោះ គេមិនទាន់ដឹងថា យ៉ាងណានៅឡើយនោះទេ ហើយក៏បណ្ដាលឲ្យរងការខូចខាតមធ្យោបាយធ្វើដំណើរ ឬដឹកជញ្ជូនមួយចំនួនផងដែរ វត្ថុតាងទាំងនោះសមត្ថកិច្ចយករក្សាទុករង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ប៉ឹម ពិន