ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនស្រីធម៌មិនព្រមឱ្យបងធម៌ខ្ចីម៉ូតូខ្លាចស៊ីដាច់ ស្រាប់ តែលបចូលលួចសោយកទៅលក់បាត់ ទីបំផុតជាប់ខ្នោះទាំងអ្នកលក់និងអ្នកទិញ

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បាន​រាប់អាន​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​ជា​បង​ប្អូនធម៌​រយៈពេល​២​ឆ្នាំ​មក​ហើយ ទីបំផុត​សុំ​ខ្ចី​ម៉ូតូ​ប្អូនស្រី​ធម៌​ជិះ ប៉ុន្តែ​ដោយសារ​តែ​ខ្លាច​ចាញ់បោក​បងធម៌​ខ្ចី​ជិះ​ទៅ​ហើយ​ស៊ីដាច់ ទើប​នាង​មិន​ព្រម​ឲ្យ​ខ្ចី​ជិះ​នោះ​ឡើយ ។ បន្ទាប់​មក​ជនសង្ស័យ​រូប​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​យក​សោ​ម៉ូតូ​ដែល​ស្ត្រី​ជា​ប្អូនធម៌​ផ្ញើទុក​នៅ​និង​យុវជន​ម្នាក់​ទៀត​ដែល​ជា​សង្សារ​របស់​នាង រួច​យក​ទៅ​ចាក់​បញ្ឆេះ​ជិះ​ចេញពី​កន្លែង​ផ្ញើម៉ូតូ​យក​ទៅ​លក់​ក្នុង​តម្លៃ​៦៥០​ដុល្លារ ។ លុះ​១​ថ្ងៃ​ក្រោយមក​នាង​បាន​អន្ទង​ហៅ​ណាត់ជួប​គ្នា​រួច​ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី៣។ ក្រោយ​ពី​សាកសួរ​ជន​នោះ​រួច នគរបាល​ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នកទិញ​ម៉ូតូ​ពី​ជនសង្ស័យ​ខាងលើ​ផង​ដែរ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤៧ ជាន់​ទី​៤ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ឆេ​ង ថុ​នា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ជាមួយ​ស្ត្រី​ជា​ប្អូនធម៌ ។ ចំណែក​អ្នក​ទទួល​ទិញ​ម៉ូតូ​នោះ​ឬ​ហៅ​ថា​អ្នក​ទទួលផល​ចោរកម្ម​ឈ្មោះ មិន ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ អ្នក​ដឹក​ជញ្ជូន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

ដោយឡែក​ស្ត្រី​ជា​ប្អូនធម៌​ឈ្មោះ សុផល មួយ​ហេង អាយុ​១៩​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤៧ ជាន់​ទី​៤ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​និង​នារី​រង​គ្រោះ​បាន​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រយៈពេល​២​ឆ្នាំ​មក​ហើយ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​មក​សុំ​នារី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​នាង​បាន​រយៈពេល​១​ខែ​មក​ហើយ​ដែរ ។ លុះដល់​យប់​ថ្ងៃ​កើតហេតុ​នាងបាន​យក​ម៉ូតូ​របស់​នាង​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​លឿង ផលិត​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1LT-6342 ផ្ញើរ​នៅ​ចំណត​ម៉ូតូ​ជាន់​ផ្ទាល់​ដី រួច​ហើយ​ក៏​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ឆាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​ខ្ចី​ម៉ូតូ​របស់​នារី​រង​គ្រោះ​ជិះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ​ខ្ចី​ទេ ព្រោះ​មិន​ទុកចិត្ត​បងធម៌​ម្នាក់​នោះ​ឡើយ​ខ្លាច​ខ្ចី​ទៅ​ហើយ​ស៊ីដាច់ ។ ខណៈនោះ ស្រាប់ តែ​ជនសង្ស័យ​បាន​ចូល​ទៅ​លួច​សោ​ម៉ូតូ​ពី​យុវជន​ម្នាក់​ដែល​សង្សារ​នារី​រង​គ្រោះ​ដែល​កំពុង​ដេក លង់លក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ លុះ​លួច​សោបាន​ហើយ ក៏​យក​ទៅ​ចាក់​បញ្ឆេះ​ជិះ​យក​ទៅ​បាត់​ស្រមោល ។

នគរបាល​បាន​ប្រាប់​បន្ត​ថា បន្ទាប់​មក​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចោម​ចៅ​ទី​៣ ហើយ​នាង​ក៏​បាន​ណាត់​ជនសង្ស័យ​មក​ជួប​គ្នា​នៅ​ចំណុច​មុខ​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រហូត​ដល់​វេលា​ម៉ោង ១១ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៦ ជន​នោះ​ក៏​បាន​ទៅ​ជួប​នាង ហើយ​នារី​រង​គ្រោះ​ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​ក្រោយ​ពេល​លួច​បាន​ហើយ​ខ្លួន​ក៏​បាន​ជិះ​យក​ទៅ​លក់​ឲ្យ​ជនសង្ស័យ​ឈ្មោះ​មិន ដា​រ៉ា ក្នុង​តម្លៃ​៦៥០​ដុល្លារ ។

បន្ទាប់​ពី​បាន​ចម្លើយ​សារភាព​ហើយ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ស្រាវជ្រាវ រហូត​វេលា​ម៉ោង​១៥​និង ៣០​នាទី​រសៀល​ថ្ងៃ ខែ ឆ្នាំ​ដដែល ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​មិន ដា​រ៉ា នៅ​ចំណុច​ទល់មុខ​វត្ត​ន​ន់​មុនី ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យទី​១ ខណ្ឌមានជ័យ ។ ខណៈនោះ​នគរបាល​បាន​ដកហូត​ម៉ូតូ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញហើយ​ក្រោយ​ពេល​សាកសួរ ព្រមទាំង​កសាង​សំណុំរឿង​រួច និង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕


ចែករំលែក៖