ភ្នំពេញ៖ ជនសង្ស័យម្នាក់ទាក់ទងស្នេហាជាមួយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ដែលជាកម្មការិនីធ្វើការរោងចក្រជាមួយគ្នាទើបតែបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ ក៏បាននាំនាងទៅផឹកស៊ីនៅក្នុងបន្ទប់ជួលដែលខ្លួនស្នាក់នៅ រួចចាប់រំលោភនាងរហូតបានសម្រេច ។ បន្ទាប់មកក៏ឈប់ធ្វើការរួចបានរត់គេចទៅលាក់ខ្លួននៅផ្ទះរបស់ខ្លួននៅខេត្តសៀមរាបបាត់ ហើយរឿងរ៉ាវនេះ១ខែក្រោយមកទើបដឹងដល់ម្ដាយក្មេងស្រីរងគ្រោះ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី៣ ហើយនគរបាលប៉ុស្តិ៍ខាងលើ ក៏ចុះទៅសហការជាមួយនគរបាលស្រុកជីក្រែង ខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យរូបនោះតែម្ដង ។
ហេតុការណ៍រំលោភនោះបានកើតឡើងតាំងពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មកម្ល៉េះនៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះពឿន សុខច័ន្ទ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្រុមទី៧ ភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ ដោយឡែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានទីលំនៅបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យនោះដែរ ប៉ុន្តែឆ្ងាយពីបន្ទប់ជនស្ស័យ ។
នគរបាលបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះ និងជន សង្ស័យឈ្មោះពឿន សុខច័ន្ទ បានស្គាល់និងទំនាក់ ទំនងគ្នាទើបតែបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ ដោយអ្នកទាំងពីរនាក់ធ្វើការនៅក្នុងរោងចក្រជាមួយគ្នា ។ លុះដល់ថ្ងៃកើតហេតុខាងលើឈ្មោះពឿន សុខច័ន្ទ បានបបួលក្មេងស្រីរងគ្រោះទៅ លេងបន្ទប់ជួលរបស់ខ្លួន ហើយពេលទៅដល់បន្ទប់ជួល ក៏ឃើញមានមនុស្សប្រុសស្រីចំនួន១១នាក់ ។ ក្នុងនោះមានបុរស៨នាក់ និងស្ត្រី៣នាក់កំពុងស្ថិតនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យនោះដែរ ដោយនាងមិនបានស្គាល់អ្នកទាំងអស់នោះទេ បន្ទាប់មកក៏បាននាំគ្នាផឹកស៊ីជាមួយគ្នាអស់ស្រាបៀរជាង១កេសទើបឈប់ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកបុរសនិងស្ត្រីទាំង១១នាក់នោះ ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ទៅ នៅសល់តែក្មេងស្រីរងគ្រោះ និងជនសង្ស័យឈ្មោះពឿន សុខច័ន្ទ ស្ថិតនៅក្នុងបន្ទប់ជួលតែពីរនាក់ ហើយនាងរងគ្រោះ ក៏បានឲ្យជនសង្ស័យជូនទៅបន្ទប់ជួលរបស់នាងវិញដែរ ។ ប៉ុន្តែជនសង្ស័យនិយាយថា មិនជូនទៅទេ ព្រោះយប់ហើយ បន្ទាប់មកក៏នាំគ្នាដេកនៅក្នុងបន្ទប់នោះ ហើយជនសង្ស័យក៏សុំនាងរួមភេទជាមួយ តែនាងមិនព្រមឡើយ នាងបានឆ្លើយថា អត់ទេ ពេលនោះជនសង្ស័យខឹងក៏យកដៃខ្ទប់មាត់របស់នាងជាប់រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេចនៅក្នុងគ្រានោះតែម្ដង ។
នគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្តាយរបស់ក្មេងស្រីរងគ្រោះឃើញទឹកមុខកូនស្រីស្លេកស្លាំង ក៏បាសួរកូនស្រីថា មានរឿងអ្វី? ទើបនាងប្រាប់ថា អ្នកធ្វើការជាមួយគ្នា ឈ្មោះពឿន សុខច័ន្ទ ចាប់នាងរំលោភនាង ។ បន្ទាប់មកម្តាយរបស់នាងក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ហើយក្រោយពីទទួលពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះរួចមកនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវ ។
រហូតដល់ថ្ងៃទី៤ ខែកក្កដា បានចុះទៅសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាបធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះពឿន សុខច័ន្ទ ដល់ផ្ទះកំណើត រួចនាំយកមកសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច