ក្រោយពេលហ្វុីលីពីនបានចោទប្រកាន់ អាមេរិកនិងចិនថា ជាអ្នកធ្វើឲ្យហ្វុីលីពីន ប្រឈមនឹងខ្យល់ព្យុះគ្រោះទឹកជំនន់ជាបន្តបន្ទាប់ពេលនេះចិនបានផ្តល់ជំនួយគ្មាន លក្ខខណ្ឌប្រមាណ៨៩,៨លាន Peso ស្មើ ១,៨លានដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះដោយព្យុះនិងទឹកជំនន់។
ទឹកប្រាក់ទាំងនោះត្រូវបានរដ្ឋាភិបាលហ្វុីលីពីនយកទៅជួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បណ្តាលមកពីព្យុះ Sarika និង Haima ធ្វើឲ្យខូចខាតទ្រព្យ សម្បត្តិនិងអាយុជីវិតជាច្រើន។ ក្រៅពីនេះ ស្ថានទូតចិនប្រចាំនៅហ្វុីលីពីនក៏បានផ្តល់ជំនួយជាច្រើនផងដែរ។
ចំណែកភាគីអាមេរិកវិញមិនទាន់មានព័ត៌មានស្តីពីការផ្តល់ជំនួយដល់ហ្វុីលីពីននៅឡើយទាំងនោះហើយដែលហ្វុីលីពីនងាក់ទៅរកចិនគឺជារឿងសមហេតុផល។
ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានចោទប្រកាន់ប្រទេសមហាអំណាច ទាំងពីរគឺអាមេរិក និងចិនបង្កឲ្យមានការ ផ្លាស់ប្តូរបរិយាកាសបង្កឲ្យមានព្យុះភ្លៀង បំផ្លាញហ្វុីលីពីន។
កាលពីថ្ងៃទី២៣ ខែតុលា នៅក្នុងជំនួប ជាមួយពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែព្យុះ Haima ប្រធានាធិបតី ឌុយទែរ តេ បានចោទប្រកាន់ប្រទេសឧស្សាហកម្មគឺអាមេរិកនិងចិនដែលបង្កឲ្យមានជាតិពុល បញ្ចេញទៅក្នុងបរិយាកាសបណ្តាលឲ្យ អាកាសធាតុកខ្វក់បម្រែបម្រួលអាកាសធាតុ និងបង្កឲ្យមានព្យុះភ្លៀងជាច្រើនកើតឡើងនៅក្នុងប្រទេសហ្វីលីពីននិងប្រទេសជាច្រើនទៀត។
ជាមួយគ្នានោះលោក ឌុយទែរតេ ក៏បាន បញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់លោក នឹងមិនព្រមចុះកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការកាត់បន្ថយឧស្ម័នកាបូនិចឡើយដែល អាចរារាំងកំណើនវិស័យឧស្សាហកម្មនៅក្នុងប្រទេសរបស់លោក។
មានប្រសាសន៍ទៅកាន់ពលរដ្ឋដែល រងផលប៉ះពាល់ដោយសារតែព្យុះ Haima លោក ឌុយទែរតេ បញ្ជាក់ថា ប្រទេសឧស្សា ហកម្មដូចអាមេរិក និងប្រទេសនៅតំបន់ អាស៊ីដូចជាចិនកំពុងតែបញ្ចេញឧស្ម័ន ពុលបំផ្លាញបរិយាកាសជាច្រើនទសវត្ស កន្លងមកធ្វើឲ្យប្រទេសកំពុងតែអភិវឌ្ឍន៍ ប្រទេសតូចៗក្លាយជាជនរងគ្រោះនៅក្នុងការបំផ្លាញបរិយាកាសទាំងនោះ។ លោកបន្តទៀតថាប្រទេសហ្វុីលីពីនបានបញ្ចេញជាតិពុលចូលក្នុងបរិយាកាសតិចតួចបំផុត មិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសឡើយ ដូច្នេះប្រទេសរបស់លោកនឹងមិនកាត់បន្ថយ ការបញ្ចេញឧស្ម័នពុលនោះទេ៕ មែវ សាធី