ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រមួយគ្រួសារដោយសារតែខ្វះខាតជីវភាពឪពុកបាន ធ្លាក់ខ្លួនឈឺជាទម្ងន់សព្វថ្ងៃបានកូនៗទាំង៥នាក់នាំគ្នាដើរជីកជន្លេនលក់យកប្រាក់ ទិញអង្ករ និងជួយមើលជំងឺឪពុក។ គ្រួសារនេះស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹក ហូត ស្រុករលាប្អៀរ ។
ស្ត្រីឈ្មោះ រ៉ិត ណាក់ អាយុ៤០ឆ្នាំ និង ប្តីឈ្មោះ វ៉ាន់ សេន អាយុ៤២ឆ្នាំ មានកូន ៧នាក់ រស់នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរកាលពីព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៦ បានរៀបរាប់ឲ្យដឹងថា កាលពី២ឆ្នាំមុនឪពុកម្តាយរបស់គាត់បង្កើតឈឺគាត់បានលក់ដីស្រែដីភូមិមើលជំងឺឪពុក ម្តាយអស់ទៅ។ ក្រោយមកពេលគ្មានផ្ទះគ្មានដីជ្រកកោនគាត់ក៏បានមកសុំដីកូន សង់ខ្ទមតូចមួយគ្រាន់បានស្នាក់នៅ ។
រយៈពេលជាង៣ខែមកនេះប្តីរបស់គាត់មានជំងឺជាទម្ងន់ ដោយសារខ្វះខាតជីវភាព ដោយពេលខ្លះប្តីគាត់សុខចិត្តអត់ពិសាបាយ ឲ្យតែកូនៗបានហូបឆ្អែត។ ពេលនេះជំងឺ របស់ប្តីគាត់កាន់តែធ្ងន់ធ្ងរឈឺទន់ដៃទន់ជើងដើរមិនរួចត្រូវបានអ្នកជិតខាងក្នុងភូមិ ជួយទិញថ្នាំព្យាលបាលជំងឺឲ្យ។ ចំណែក កូនៗ៥នាក់ជារៀងរាល់ថ្ងៃបាននាំគ្នាដើរ រកជីកជន្លេនជាមួយអ្នកស្រុកដោយក្នុង១ថ្ងៃជីកជន្លេនបានតែ២ទៅ៣គីឡូក្រាមប៉ុណ្ណោះហើយក្នុង១គីឡូក្រាមលក់បានតែ២.០០០រៀលសម្រាប់ទិញអង្ករហូបនិង ជួយមើលជំងឺឪពុក ឯកូន២នាក់ទៀតបែកទៅធ្វើកម្មករនៅរោងចក្រភ្នំពេញ ។
ស្ត្រីឈ្មោះ រ៉ិត ណាក់ បានរៀបទៀតថា សព្វថ្ងៃគាត់ប្រកបមុខរបរធ្វើអំបោសជក់ត្នោតលក់ដោយក្នុង១ថ្ងៃអាចធ្វើបានពី៨ទៅ១០អំបោស ហើយអាចលក់បានមួយ ថ្លៃ៧០០រៀល ។ កន្លងមកកាលប្តីគាត់មិន ទាន់ឈឺគឺប្តីគាត់បានជួយដំគាវត្នោតយកជក់ត្នោតធ្វើអំបោស និងជួយដើររកកាប់ ដើមឈើធ្វើដងអំបោស ប៉ុន្តែឥឡូវនេះពេលប្តីគាត់ឈឺបន្ទុកខាងលើនេះធ្លាក់មកលើរូបគាត់និងកូនៗទាំងអស់គ្នា ។
ដោយសព្វថ្ងៃគ្រួសារគាត់គ្មានដីសម្រាប់ ធ្វើស្រែ គ្មានដីសម្រាប់សង់ផ្ទះមានជីវភាពក្រីក្រនិងពេលនេះប្តីកំពុងមានជំងឺធ្ងន់ធ្ងរ រូបគាត់សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយសង្គ្រោះជីវិតក្រីក្រពួកគាត់ផង ។
ទាក់ទងនឹងគ្រួសារខាងលើនេះលោក ទន់ អីុម មេឃុំទឹកហូតបានឲ្យដឹងថា គ្រួសារ មួយនេះពិតជាក្រីក្រយូរឆ្នាំមកហើយកន្លងមកក៏មានអ្នកជួយខ្លះៗដែរតែមិនច្រើន អាចជួយដោះស្រាយជីវភាពបានធូរធារនោះទេហេតុនេះសូមសប្បុរសជនជិតឆ្ងាយ ជួយពួកគាត់ផង ៕ ហេង សូរិយា