ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់មានប្រពន្ធចាស់ជាងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពប្រើអំពើហិង្សាលើប្រពន្ធ និងវាយគប់ដុំថ្មបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខណៈដែលផឹកស្រាស្រវឹងក្រៅចូលផ្ទះវិញ សុំប្រពន្ធរួមរ័កមិនបាន ។
បុរសសង្ស័យ ដែលជាអ្នកបង្កមានឈ្មោះ ធី វ៉ិត ហៅ វ៉ាន់ និត ភេទ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១១ និង១៣នាទី នៅចំណុចផ្ទះជនសង្ស័យ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទៅ ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ ប្រាប់ឱ្យដឹងថា នគរបាលឃាត់ខ្លួនបុរសជាប្តី អនុវត្តតាមបណ្តឹងពីសំណាក់ស្រ្តីជាប្រពន្ធ មានឈ្មោះ ម៉ៃ កែវ អាយុ៤៧ឆ្នាំ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ជនបង្ក ឈ្មោះធី វ៉ិត ហៅវ៉ាន់ និត បានផឹកស្រាស្រវឹង យកដុំថ្មវាយ និងគប់លើប្រពន្ធ តែសំណាងល្អ ប្រពន្ធគេចផុត នៅពេលដែលជនបង្កខឹងប្រពន្ធមិនឱ្យរួមរ័ក ។ មិនតែណ្ណោះ ជនបង្កក៏បានវាយបំផ្លាញ និងគប់ដុំថ្មបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ ខណៈដែលសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនជននេះក៏យកដុំថ្ម និងដំបងឈើដេញវាយសមត្ថកិច្ចទៀតផង ។
លោកអធិការបានប្រាប់ឱ្យដឹងទៀតថា បើតាមសំដីរបស់ប្រពន្ធជាជនរងគ្រោះរៀបរាប់ប្រាប់ សមត្ថកិច្ច កន្លងមកជននេះនៅពេលផឹកស្រាស្រវឹង តែងតែរករឿងនិងប្រើអំពើហិង្សា លើនាងជានិច្ច ហើយជននេះក៏បានប្រើប្រាស់ថ្នាំញៀនផងដែរ ។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពទទួលកំហុស ថាពិតជាប្រើងំពើហឹង្សាប្រព្រឹត្តទៅលើប្រពន្ធនោះមែន ។
ជនសង្ស័យរងការចោទប្រកាន់ពីបទពីបទហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និងបង្កការខូច ខាតដោយចេតនា ត្រូវបាននគរបាលក្រុងសិរីសោភ័ណ ចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា