ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ MSX សាកកម្លាំងជាមួយ HONDA របួសធ្ងន់ទាំងសង់ខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ម៉ូតូម៉ាក អឹមអេសអិច បើកបុកម៉ូតូម៉ាក ហុងដាឌ្រីម នៅលើកំណាត់ផ្លូវលំ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងដូចគ្នា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិពុទ្រាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសធ្ងន់ បើកបរមិនពាក់មួកសុវត្ថិភាព (រៀនបើកបរ) ឈ្មោះ អា រីហ្វីត ភេទប្រុស អាយុ ១៨ឆ្នាំ (ខ្មែរឥស្លាម)បច្ចុប្បន្នរស់នៅភូមិចុងខ្លុង ឃុំអូរសណ្ដាន់ ស្រុកក្រគរ បើកបរម៉ូតូម៉ាក MSX ព៌ណ៏ក្រហម ពាក់ស្លាកលេខ ពោធិសាត់ 1G-0007 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1F 0752 ពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ចាសគ្នាពី(ជើងទៅត្បូង) ដែលបើកបរមិនពាក់មួកសុវត្ថិភាពដែរនោះដោយឈ្មោះ អ៊ីម រិន ភេទប្រុស អាយុ ១៧ឆ្នាំ (ខ្មែរ) បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ បណ្ដាលឲ្យរងរបួសធ្ងន់ដូចគ្នា។

ប្រភពព័ត៌មានបន្តថា ចំពោះជនរងរបួសធ្ងន់ទាំង០២នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ ។

ប្រភពដដែលបន្តទៀតថា ចំពោះវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំធ្វើការវាសវែងហើយដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ប៉ឹម ពិន

asw-4 asw asw-1 asw-2 asw-3


ចែករំលែក៖