ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដ៏រន្ធត់មួយ រវាងរថយន្តសន្តោងរ៉ឺម៉ក និងរថយន្តដឹកទំនិញ បានបណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តបង្កបានឆេះកាប៊ីនយ៉ាងសន្ធោសន្ធៅ ក្រោយពេលបុកគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:១៥ នាទីយប់ ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លើកំណាត់ផ្លូវលេខ ១១២A ចន្លោះគីឡូម៉ែត្រលេខ ៥-៤ ស្ថិតក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កម៉ាក MITSUBISHI FUSO ប្រភេទសន្តោងរ៉ឺម៉ក ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3A-9781 និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5638 ធ្វើ ដំណើរពីទិសកើតទៅលិច (បន្ទាយដែក-ឈើទាល) ដោយមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកជាមួយរថយន្តម៉ាក HYUNDAI MIGHTY ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-9627 ដែលបើកបរដោយឈ្មោះ គួយ ថៃសាន ភេទប្រុស អាយុ ៣០ឆ្នាំ ធ្វើដំណើរពីទិសលិចទៅកើត (ឈើទាល-បន្ទាយដែក)។
ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកបើកបររថយន្ត MITSUBISHI FUSO ស្លាប់ភ្លាមៗនៅក្នុងកាប៊ីនរថយន្ត បន្ទាប់ពីរថយន្តបានឆេះយ៉ាងសន្ធោសន្ធៅ។ ចំណែកអ្នកបើកបររថយន្ត HYUNDAI MIGHTY រងរបួសធ្ងន់ និងត្រូវបានក្រុមសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បានចុះទៅអន្តរាគមន៍ ការពារកន្លែងកើតហេតុ និងសម្របសម្រួលចរាចរណ៍ ខណៈមន្ត្រីជំនាញបានចុះពិនិត្យ វាស់វែង និងបន្តនីតិវិធីតាមផ្លូវច្បាប់។
យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្ត MITSUBISHI FUSO ប្រភេទសន្តោងរ៉ឺម៉ក បានរេចង្កូតទៅបុករថយន្ត HYUNDAI MIGHTY ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច