ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីនចង់ឲ្យអាមេរិកដកទាហានទាំងអស់ចេញពីប្រទេសរបស់លោក

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានឲ្យដឹងថា លោកចង់ឲ្យ កម្លាំងទាហានអាមេរិកទាំងអស់ដកចេញពីប្រទេសរបស់លោកក្នុងរយៈពេល២ឆ្នាំខាងមុខ។

ការប្រកាសខាងលើរបស់លោក ឌុយ ទែរតេ ពេលដែលលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនរយៈពេល៣ថ្ងៃ ចាប់ ពីថ្ងៃទី២៥ខែតុលា។ សារព័ត៌មាន New York Times បានដកស្រងសម្តីលោក ឌុយទែរតេ ដែលមានប្រសាសន៍ទៅកាន់ក្រុមអ្នកជំនួញជប៉ុន និងហ្វុីលីពីននៅទីក្រុង តូក្យូកាលពីថ្ងៃទី២៦ ខែតុលា ថា លោក បានត្រៀមលក្ខណៈពិភាក្សាលើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៤ រវាងអាមេរិកនឹង ហ្វុីលីពីនស្តីពីការអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទីតាំងយោធាចំនួន៥កន្លែងនៅក្នុងប្រទេសនេះ។ ទាំងនោះគឺជាកត្តាសំខាន់ បំផុតរបស់អាមេរិកនៅក្នុងដំណើរឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិក។

លោក ឌុយទែរតេ បានប្រកាសថា «ខ្ញុំចង់ឲ្យអាមេរិកដកទាហានទាំងអស់ចេញពីប្រទេសយើងខ្ញុំ» លោកក៏បានរំលឹកឡើង វិញពីការបញ្ចប់សកម្មភាពធ្វើសមយុទ្ធជាមួយអាមេរិក។

ទស្សនៈប្រឆាំងរបស់លោក ឌុយទែរ តេ មិនអាចផ្លាស់ប្តូរបានឡើយទោះជានៅទីណាក៏លោកមានសម្តីប្រឆាំងនឹងអាមេរិក ជានិច្ច។ នៅក្នុងប្រទេសជប៉ុនលោក ឌុយ ទែរតេ បានប្រកាសថា «ពួកអាមេរិកសុទ្ធ តែឆ្កួត! គិតថាខ្លួនឯងជាមនុស្សសំខាន់»។

ជាងនេះទៅទៀតលោកប្រធានាធិបតីហ្វុីលីពីនបានសម្តែងកំហឹងជាថ្មីប្រឆាំងនឹង ការរិះគន់របស់អាមេរិកនិងអឺរ៉ុបលើនយោបាយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនដោយស្រែកជេរអាមេរិកជាថ្មីថា ហ្វុីលីពីនមិនមែនជាឆ្កែរបស់នរណាទេ។ នៅពេលអញ្ជើញដល់ទីក្រុងតូក្យូក្នុងឱកាស ជួបជាមួយសហគមន៍ហ្វុីលីពីន និងក្នុងវេទិ កាសេដ្ឋកិច្ច លោក ឌុយទែរតេ បានស្រែក ជេរអាមេរិកគ្មានទប់មាត់ និងបានគំរាមឱ្យអាមេរិកដកទ័ពចេញពីទឹកដីហ្វីលីពីនឱ្យ អស់ក្នុងរយៈពេលពីរឆ្នាំ។

ពាក្យសម្តីដ៏អសុរោះប្រឆាំងនឹងអាមេ រិករបស់លោក ឌុយទែរតេ នេះបានធ្វើឱ្យម្ចាស់ផ្ទះរំខានចិត្តយ៉ាងខ្លាំង ព្រោះជប៉ុនជាសម្ពន្ធមិត្តដ៏មានភក្តីភាពបំផុតចំពោះអាមេរិក។ ប៉ុន្តែប្រធានាធិបតីមាត់ដាចមួយនេះ ចេះលួងចិត្តដោយបានកោតសរសើរជប៉ុនថា ជាប្រទេសចិត្តល្អជួយសាងសង់ស្ពាន ថ្នល់វាលយន្តហោះឱ្យហ្វីលីពីន និងធានាអះអាងប្រាប់ទីក្រុងតូក្យូថា កុំព្រួយបារម្ភរឿងហ្វុីលីពីនងាកទៅរកចិន ព្រោះទីក្រុងម៉ានីលគ្មានគម្រោងចងសម្ពន្ធភាពយោធាជាមួយទីក្រុងប៉េកាំងទេ។

សូមបញ្ជាក់ថា លោក ឌុយទែរតេ អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីអភិវឌ្ឍការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេ ភាគីដែលមានទំហំជាង១៨ពាន់លាន ដុល្លារក្នុងមួយឆ្នាំៗ។ បើតាមអ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុនទីក្រុងតូក្យូនឹងបន្តផ្តល់ ជំនួយអភិវឌ្ឍន៍ដល់ហ្វុីលីពីន ប៉ុន្តែមិនបានបញ្ជាក់ទេថានឹងលើកយកបញ្ហាទំនាក់ ទំនងជាមួយអាមេរិកមកពិភាក្សាគ្នាក្នុង ជំនួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅល្ងាចនេះដែរឬអត់ ឡើយ៕ ម៉ែវ សាធី

 

05_bases_in_japan_2011 us-base-in-okinawa


ចែករំលែក៖