ព័ត៌មានទាន់ហេតុការណ៍៖

ផលិតករសង្ឃឹមរឿង”ឡប់៨”ទទួលការគាំទ្រច្រើន

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងលើកដំបូងរបស់ផលិតកម្មSpiderគឺរឿង “ឡប់៨” នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៧ ខែ វិច្ឆិកាខាងមុខនេះហើយបន្ទាប់ពីផលិត អស់ជាច្រើនខែ។ ផលិតករខ្សែភាពយន្តខាងលើបានដាក់ក្តីរំពឹងខ្ពស់ជាមួយការ ចាក់បញ្ចាំងស្នាដៃដំបូងនេះថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

លោក ចំរើន គិរី ដែលជាអ្នកពិពន្ធ និងដឹកនាំខ្សែភាពយន្តខាងលើបានបញ្ជាក់ថាខ្សែភាពយន្តរឿង”ឡប់៨” បានបញ្ចប់ការផលិតកាលពីថ្មីនេះហើយគ្រោងនឹងដាក់ បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោក បញ្ជាក់ថា ខ្សែភាពយន្តនេះផលិតក្រោមការចំណាយប្រមាណជាង២ម៉ឺនដុល្លារ អាមេរិកហើយជាខ្សែភាពយន្តបែបកំប្លែង ស្រុកស្រែដែលមានតួអង្គ២រូបមានចរិតបែបឡប់ហើយព្យាយាមតាមស្នេហ៍តួឯកស្រីម្នាក់។

លោកបន្តថា បើទោះបីជារឿង”ឡប់៨” នេះមិនមានតារាកំប្លែងចូលរួមសម្តែងក្តីក៏សាច់រឿងបែបកំប្លែងនេះត្រូវបានតារាក្មេងចាស់ប្រុសស្រីថ្មីចាស់ជាច្រើនរូបសម្តែងបានយ៉ាងល្អ។

លោកថា”ឡប់៨”សំដៅទៅលើសកម្មភាពឡប់ៗមួយចំនួនរបស់តួអង្គក្នុងរឿងដែលមានទាំង៨មានដូចជាមន្តអាគមបែបឡប់ៗ សម្លៀកបំពាក់បែបឡប់ៗ ស្លូតបែប ឡប់ៗ កាចបែបឡប់ៗជាដើម។ ក្រៅពី ឈុតឆាកកំប្លែងថ្មីប្លែកពីរឿងដទៃខ្សែភាពយន្តនេះបានបង្កប់នូវទស្សនៈអប់រំ និង បង្ហាញពីទេសភាពស្រស់ត្រកាលនៃស្រុកស្រែចម្ការយើង។ លោកថាខ្សែភាពយន្តបែបកំប្លែងលើកដំបូងនេះគឺជាការបញ្ចេញរឿងស្ទាបស្ទង់ទីផ្សារជាបណ្តើរៗមុនពេលដែលផលិតកម្មចាប់ផ្តើមផលិតខ្សែភាព យន្តបែបវាយតប់បាញ់ប្រហារស្នេហាស៊ី ជម្រៅនៅពេលខាងមុខ។ លោករំពឹងថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងនៅរោងភាពយន្ត។

លោកថាពិធីសម្ពោធប្រកាសចាក់ បញ្ចាំងខ្សែភាពយន្តខាងលើនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះនៅ រោងភាពយន្តLegend ផ្សារទំនើបស៊ីធីម៉លមុនពេលចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៧ខែវិច្ឆិកានេះ។ តារាសម្តែងប្រុសស្រីថ្មី ចាស់ប្រមាណជាង២០រូបបានចូលរួមសម្តែងខ្សែភាបយន្តនេះហើយតួអង្គសំខាន់ក្នុងរឿងរួមមានកញ្ញា ម៉ិច ម៉ារីកា, លោក ឈឹម សក្កដា, លោក ទេព រិទ្ធិធានី ជា ដើម៕ វឌ្ឍនា

3 1 2


ចែករំលែក៖