ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖«ការចាត់វិធានការផ្លូវច្បាប់លើលោក លួត សុផល គឺផ្អែកលើនីតិវិធីច្បាប់ និងភស្តុតាងជាក់ស្តែង មិនមែនដោយសារវិជ្ជាជីវៈសារព័ត៌មានទេ»

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានបញ្ជាក់ជាថ្មីថា ៖ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ លោក លួត សុផល ដែលជាអ្នកសារព័ត៌មានអនឡាញ នៃសារព័ត៌មានស្រទាប់យុវវ័យ ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៧២ និង ៤៩៤ ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីលោកលួត សុផល ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដូច្នេះ អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន បានទាមទារឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោកឱ្យមានសរីភាពឡើងវិញ។

ទាក់ទងនឹងការទាមទារឱ្យមានការទម្លាក់បទចោទលើអ្នកសារព័ត៌មានអនឡាញ នៃសារព័ត៌មានស្រទាប់យុវវ័យខាងលើនេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសនីតិរដ្ឋ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍បែងចែកអំណាចយ៉ាងច្បាស់លាស់។ មិនមានបុគ្គលណា ឬស្ថាប័នណា មានសិទ្ធិអំណាច ឬលទ្ធភាពណាមួយក្នុងការលូកដៃចូលក្នុងកិច្ចការ ឬកាត់ក្តីជំនួសស្ថាប័នអំណាចតុលាការនោះឡើយ។ ការចាត់វិធានការផ្លូវច្បាប់របស់សមត្ថកិច្ច និងតុលាការលើបុគ្គល លួត សុផល គឺធ្វើឡើងដោយផ្អែកលើនីតិវិធីនៃច្បាប់ និងមានមូលដ្ឋានលើភស្តុតាងជាក់ស្តែងនៃបទល្មើស មិនមែនដោយសារតែវិជ្ជាជីវៈសារព័ត៌មាននោះទេ។

លោកបន្ថែមថា ប្រសិនបើមានការមិនសុខចិត្ត ភាគីពាក់ព័ន្ធត្រូវតែប្រើប្រាស់សិទ្ធជាផ្លូវការតាមផ្លូវតុលាការ តាមរយៈមេធាវី ស្របតាមនីតិវិធីច្បាប់ជាធរមាន មិនមែនតាមរយៈការដាក់សម្ពាធខាងក្រៅឡើយ។

រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ខាងលើបានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែការពារ និងលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ សេរីភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់។ ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានអុចអាលក្នុងកាលៈទេសៈរសើប ដែលប៉ះពាល់ដល់សន្តិសុខសង្គម ស្មារតីកងកម្លាំងប្រដាប់អាវុធ និងសណ្តាប់ធ្នាប់សាធារណៈ គឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ដែលសង្គមនិងច្បាប់មិនអាចអត់ឱនឱ្យបានទេ។

លោកបន្ថែមថា រាល់សេចក្តីថ្លែងការណ៍ ឬការអំពាវនាវពីសំណាក់អង្គការបរទេសដែលព្យាយាមវិនិច្ឆ័យ ឬដាក់សម្ពាធលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺជាការជ្រៀតជ្រែកចូលក្នុងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា។ មិនអាចយកឈ្មោះជា “អ្នកសារព័ត៌មាន” មកបិទបាំងការប្រព្រឹត្តបទល្មើសដើម្បីគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។

គួរបញ្ជាក់ថា លោក លួត សុផល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោយពីលោកបានផ្សព្វផ្សាយព័ត៌មាន និងកិច្ចសន្ទនានៅលើទំព័រហ្វេសប៊ុករបស់លោក ពីការខ្វះខាតទឹកសម្រាប់កងទ័ពជួរមុខ និងភ្ជាប់ជាមួយរូបថ្នាក់ដឹកនាំលើគេហទំព័រហ្វេសប៊ុករបស់លោក មួយសប្តាហ៍មុនពេលនគរបាលឃាត់ខ្លួន៕

ប្រភព ៖ (Vayo)


ចែករំលែក៖