ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនជ្រុលមិនប្រយ័ត្នបុក រថយន្តជនជាតិចិនឆ្លងផ្លូវ របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន បុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ខណៈដែលជនជាតិចិនកំពុងបើកបត់បំណងចូលក្នុងខុនដូ ចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១១ និង១៤នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខខុនដូ Bellevue តាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើប ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-1188 បើកតាមបណ្តោយផ្លូវមាត់ទន្លេ ទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងបំណងចូលក្នុងខុនដូ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ជិះឌុបគ្នា២នាក់មកពីក្រោយក្នុងល្បឿនយ៉ាងលឿន បានបុករថយន្តចំពីជំហៀងពេញទំហឹង បណ្តាលរងរបួសធ្ងន់ធ្ងរទាំង២នាក់ ហូរឈាមស្រោចពេញខ្លួន ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងហៅម្ចាស់រថយន្តទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំរង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕
img-20161031-wa0005

img-20161031-wa0006

img-20161031-wa0009

img-20161031-wa0013


ចែករំលែក៖