ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនាយផ្នែករដ្ឋបាលព្រៃឈើមួយរូបស្រុកបន្ទាយស្រី ជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ នាយផ្នែករដ្ឋបាលព្រៃឈើមួយរូបនៅស្រុកបន្ទាយស្រី បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារដោយរថយន្តម្ខាងទៀត បើកបុក ខណៈបើកស្របទិសគ្នាពីលិចទៅកើត ប៉ុន្ដែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រៃង ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយរថយន្តម៉ាក HYUNDAI ធុនតូចពីរបាំង ពណ៌ខ្មៅ ពាក់ស្លាកលេខភំ្នពេញ AT16 2. 0465 បើកបរដោយឈ្មោះ ជួប ប៊ុនថន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិវត្តពោធិ៍ ឃុំវាំងចាស់ ស្រុកឧដុង ដល់ចំណុចកើតហេតុរថយន្តបង្កនេះ បានបង្កើនល្បឿនយ៉ាងលឿន ដើម្បីឡើងជែងរថយន្ត១គ្រឿងទៀត ប៉ុន្ដែពេលនោះជែងមិនផុត ដោយសារមានរថយន្តមួយគ្រឿងទៀតមកចំពីមុខ បានង៉ាកចង្កូតមកវិញបុកគូថរថយន្តម៉ាក TOYOTA HILUX REVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-6388 ពេញទំហឹង បណ្តាលឱ្យរថយន្ត HYUNDAI ខូចខាតមួយកំណាត់មុខទាំងស្រុង។ចំណែករថយន្ត TOYOTA HILUX REVO ខូចខាតផ្នែកខាងក្រោយ ។

អ្នកបើកបររថយន្ដម៉ាក TOYOTA HILUX REVO ដោយឈ្មោះ ម៉ុង ប៊ុនលីម ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរនាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការវាស់វែង និងធ្វើកំណត់ ហេតុរួចមកកម្លាំងសមត្ថកិច្ចនគរបាលបានយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរៀបចំទៅតាមផ្លូវច្បាប់។

ក្នុងហេតុការណ៍នោះដែរ ម្ចាស់រថយន្តទាំង២គ្រឿងបាន ឈ្លោះប្រកែកគ្នារកត្រូវរៀងៗខ្លួន ប៉ុន្ដែសមត្ថកិច្ចបានប្រាប់ឱ្យទៅផ្ទះសិន ដោយរង់ចាំចូលខ្លួនមកដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុកតាមផ្លូវច្បាប់ ព្រោះរថយន្តបង្កបានបុកគូថរបស់រថយន្តមេព្រៃបន្ទាយស្រី ពីក្រោយ គឺវាពិតជាខុសទាំងស្រុង៕
kh

kh3

kh-4


ចែករំលែក៖