ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ខេត្តកំពង់ធំទទួលបានគម្រោងវិនិយោគរ៉ែមាសនិងរោងចក្រកែច្នៃគជ់ខ្យងតម្លៃ៧២លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បាមឱ្យដឹងថា ខេត្តកំពង់ធំ ទទួលបានគម្រោងវិនិយោគធំចំនួន២ ដែលតម្លៃសរុប ៧២លានដុល្លារអាម៉េរិក។ នោះជាគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងរោងចក្រកែច្នៃគជ់ខ្យង និងត្រី និងគម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការនៅក្នុងខែកក្កដាកន្លងទៅ។

គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងរោងចក្រកែច្នៃគជ់ខ្យង និងត្រី គឺមានតម្លៃវិនិយោគ ៤១ លានដុល្លារ។ គម្រោងកសិកម្មនិងកសិ-ឧស្សាហកម្មនេះមានទីតាំងនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលអាចបង្កើតបាន២ ៩៣៩កន្លែង។ ដោយឡែក គម្រោងអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃឡើងវិញ មានទុនវិនិយោគ ៣១ លានដុល្លារ។ ចំពោះគម្រោងឧស្សាហកម្ម នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រុមហ៊ុនបោះទីតាំងនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ហើយគម្រោងនេះ អាចបង្កើតការងារបាន ៤០០កន្លែង។

ក្រៅពីគម្រោងវិនិយោគធំទាំង២ខាងលើ, កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៣០ ផ្សេងទៀត ដែលមានទំហំទុនវិនិយោគប្រមាណ៤៥៣លានដុល្លារ នៅក្នុងខែកក្កដា ឆ្នាំ២០២៦។ គម្រោងវិនិយោគនេះ គឺមានទាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដោយបានបង្កើតការងារឱ្យពលរដ្ឋបានរាប់សិបពាន់កន្លែងផងដែរ។ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកថាមពលអានុភាព ៥០០មេហ្កាវ៉ាត់/ ១០០០មេហ្កាវ៉ាត់ម៉ោង។ គម្រោងនេះ មានទុនវិនិយោគ ២៤៤ លានដុល្លារ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងភូមិសាស្ត្រដដែលនេះ CDC បានអនុម័យគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ មួយទៀតដែរ។ បើតាម CDC គម្រោងនេះ មានទុនវិនិយោគ ៦២លានដុល្លារ ដែលមានអាចបង្កើតការងារបាន២៦កន្លែងខណៈគម្រោងបង្កើតរោងចក្រកែច្នៃរ៉ែលោហៈមិនមែនដែកតម្លៃ១៥លានដុល្លារនៅតំបន់ពិសេសកោះកុង ចេជាង  អាចបង្កើតការងារបាន២០០កន្លែង។ 

ជាការកត់សម្គាល់របស់ CDC  ការវិនិយោគក្នុងរយៈពេល៧ខែមកនេះ កម្ពុជា នៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព  ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ដែលមានកំណើនទំហំទុនវិនិយោគ។ រីឯ វិស័យឧស្សាហកម្ម នៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។ រាជធានី-ខេត្ត ដែលទទួលបានគម្រោងវិនិយោគរួមមាន ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង ព្រះសីហនុ និងខេត្តកំពត៕

ប្រភព ៖ (PRU)


ចែករំលែក៖