ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងតាមរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុក្នុងពេលបឆាប់ៗខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់នឹងយាងតាមរថភ្លើង ដើម្បីទតនិងសួរសុខទុក្ខប្រជានុរាស្រ្ត នៅខេត្តព្រះសីហនុ ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីខ្សែរថភ្លើងពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ត្រូវបានស្តារឡើងវិញរួច។

ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៤ និងផ្លូវនៅក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការយាងតាមរថភ្លើងរបស់ព្រះមហាក្សត្រនេះគឺដើម្បីទតមើលផ្លូវរថភ្លើង ដែលជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដំណើរយាងទតរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តមសីហមុនី នឹងមានការអមព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាជាច្រើនរូបទៀត ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ក្រសួងសាធារណការបានជំរុញឱ្យក្រុម ហ៊ុនរ៉ូយ៉ាល់រៀលវ៉េ ដែលជាក្រុមហ៊ុនធ្វើការវិនិយោគលើផ្លូវរថភ្លើងនេះ ឱ្យកាត់បន្ថយរយៈពេលធ្វើដំណើរឱ្យខ្លី ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានកាត់បន្ថយបានមកចុះមកត្រឹម៦ម៉ោងកន្លះ ។

លោកបានបន្ថែមថា ក្រសួងកំពុងសហការជាមួយក្រុមហ៊ុនដើម្បីធ្វើយ៉ាងណា រិះរកមធ្យោបាយ បន្ថែមទៀត ដើម្បីកាត់បន្ថយរយៈពេលការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញមកកាន់ខេត្តព្រះសីហនុនេះ ឱ្យមកត្រឹមតែរយៈពេល៥ម៉ោងវិញ។

គួររម្លឹកថា ផ្លូវដែកភ្នំពេញ-ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ និងខេត្តកំពត មានចម្ងាយចំនួន ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ នៅក្នុងរជ្ជកាល ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ៕

king


ចែករំលែក៖