ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ម៉ា​ឡេ​ស៊ី​៤​នាក់ប្រើ​ម៉ាស៊ីន​ Drone បង្ហោះ​ថត​ភូមិ​គ្រឹះសម្តេចតេជោ ​ត្រូវហាមឃាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសអ្នកទេសចរជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ត្រូវបានកម្លាំងកងអង្គរក្សឃាត់ខ្លួន និងបញ្ជាឱ្យលុបរូបភាពមួយចំនួនចេញពីម៉ាស៊ីនថត ក្រោយពេលដែលពួកគេនាំគ្នាប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកមកបង្ហោះ និងម៉ាស៊ីនថតគ្រប់ដៃយកមកថតរូបភាពមួយចំនួន នៅជុំវិញភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលជាតំបន់ហាមឃាត់ ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១ និង៥៣នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់លើសួនច្បារវិមានឯករាជ្យ(ខាងមុខភូមិគ្រឹះ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសអ្នកទេសចរជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ប្រដាប់ដោយម៉ាស៊ីនថតគ្រប់ដៃ បានដើររថតរូបភាពទេសភាពនៅលើសួនច្បារវិមានឯករាជ្យផ្នែកខាងកើត គឺចំខាងមុខភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

តែការដើរផ្តិតយករូបភាពរៀងៗ ដោយម៉ាស៊ីនថតដៃនោះ គឺធ្វើឡើងដោយមិនមានការហាមឃាត់ឡើយ ព្រោះពួកគេជាភ្ញៀវទេសចរ ដែលចូលមកលេងកម្សាន្តនៅស្រុកយើង ។ មិនតែប៉ុណ្ណោះ ក៏ស្រាប់តែមានម្នាក់ក្នុងចំណោមគ្នាពួកគេទាំង៤នាក់បានយកម៉ាស៊ីនថតប្រភេទ Drone មកបង្ហោះថតយករូបភាពពីលើអាកាសថែមទៀត ។

ប្រភពដដែលបន្តថា ការបង្ហោះម៉ាស៊ីនថតប្រភេទ Drone របស់ពួកគេនោះ ក៏បានបង្ហោះថតយករូបភាពមួយចំនួនពីលើភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រូវក្រុមកងអង្គរក្សដែលយាមនៅទីនោះបានប្រទះឃើញ នឹងហាមឃាត់បញ្ឈប់ការថតរបស់គេនោះតែម្តង ។

ក្រោយពេលដែលកម្លាំងកងអង្គរក្សបានឃាត់ខ្លួនអ្នកទេសចរជនជាតិម៉ាឡេស៊ីទាំង៤នាក់នោះ រួចហើយកម្លាំងកងអង្គរក្សក៏បានធ្វើការណែនាំ និងតម្រូវឱ្យពួកគេលុបរូបភាពមួយចំនួន ដែលជាប់ពាក់ព័ន្ធទៅនឹងទីតាំងមួយចំនួន ដែលត្រូវហាមឃាត់ផងដែរ និងជាពិសេស គឺរូបភាពថតពីលើភូមិគ្រឹះតែម្តង។

ក្រោយពេលដែលឃាត់ខ្លួនបុរសអ្នកទេសចរជនជាតិម៉ាឡេស៊ីទាំង៤នាក់ ដើម្បីធ្វើការណែនាំ និងតម្រូវឱ្យលុបរូបភាពមួយចំនួន ដែលពួកគេបានថតដោយម៉ាស៊ីនថតប្រភេទ Drone ដែលពាក់ព័ន្ធទៅនឹងតំបន់ហាមឃាត់មួយចំនួនរួចហើយនោះ កម្លាំងកងអង្គរក្ស ក៏បានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញ ៕ ហេង សូរិយា

asd-2 asd asd-1


ចែករំលែក៖