ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធ នៅព្រំដែនប៉ាគីស្ថាន -ឥណ្ឌា ស្លាប់១០នាក់

ចែករំលែក៖

កាលពីថ្ងៃទី៣១ ខែតុលា ប៉ាគីស្ថាននិងឥណ្ឌា បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី នៅតំបន់ Nakyalជាប់ព្រំដែន គ្រប់គ្រង (LoC) ក្នុងតំបន់ដែលមានវិវាទកាស្មៀរ បណ្តាលឲ្យពលរដ្ឋស្លូតត្រង់៤នាក់ស្លាប់ និង ៦នាក់រងរបួស ។

មន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា ការបាញ់ប្រហារគ្នាកើតឡើងនៅតាមព្រំដែន កាត់ផ្តាច់តំបន់វិវាទនៅកាស្មៀរគ្រប់គ្រងដោយឥណ្ឌា ជាប់ព្រំដែនខេត្ត Punjab របស់ប៉ាគីស្ថាន ។ ការបាញ់ប្រហារគ្នាកើតឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា អូសបន្លាយពេញមួយថ្ងៃតែម្តង ។

នេះជាការបាញ់ប្រហារថ្មីបំផុត នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើកកើតឡើងនៅតំបន់កាស្មៀរ ដែលមានវិវាទរវាងប្រទេសមហាអំណាចបរមាណូទាំងពីរ ។ ភាពតានតឹងនៅតាមព្រំដែនមិនទាន់ស្ងប់ស្ងាត់នៅឡើយជាច្រើនខែកន្លងមក ។

ការវាយប្រហារទ្រង់ទ្រាយធំបំផុតនៅព្រំដែនកើតឡើងកាលពីខែ កញ្ញា កន្លងមកបណ្តាលឲ្យទាហានឥណ្ឌា ១៩នាក់ ស្លាប់ ក្នុងតំបន់ Baramulla ភាគខាងជើងកាស្មៀរ ។ នោះជាការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំបំផុត និងមានអ្នកស្លាប់ច្រើននាក់។

រដ្ឋាភិបាលទីក្រុងញ៉ូវដែលីបានចោទប្រកាន់ក្រុម Jaish E Muhammad នៅក្នុងប្រទេសប៉ាគីស្ថានជាអ្នកវាយប្រហារទៅលើកម្លាំងទាហានឥណ្ឌា ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងអិស្លាមមាបាតបានច្រាលចោលការចោទប្រកាន់ទាំងនោះ ។

បន្ទាត់ព្រំដែន (LoC)មានប្រវែង៧២០គីឡូម៉ែត្រ កាត់ផ្តាច់តំបន់កាស្មៀរ ស្ថិតនៅតំបន់ភ្នុំ ហេម៉ាពាន ទៅជាពីរចំណែក ម្ខាងគ្រប់គ្រងដោយឥណ្ឌា និងម្ខាងទៀតគ្រប់គ្រងដោយ ប៉ាគីស្ថាន។ បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំ២០០៣ ប៉ុន្តែទាហាននៅតាមព្រំដែននោះបានប៉ះទង្គិចគ្នាជាញ្ញឹកញាប់ ហើយក៏បានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ៕ ម៉ែវ សាធី

 

loc-pakistan-india


ចែករំលែក៖