ភ្នំពេញ៖ លោក លី ឆេង និង លោកស្រី ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី និងក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានដង្ហែ អង្គកឋិនទានសាមគ្គីមួយ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងវត្ត ចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឋិតក្នុងឱកាសនោះដែរ លោក លី ឆេង បានមានប្រសាសន៍ សំណេះសំណាល កោតសសើរ និងថ្លែងអំណរព្រះគុណ អរគុណ ចំពោះព្រះចៅអធិការ ព្រះសង្ឃ និង ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតទាំងអស់ នៃប៊ែលធី គ្រុប ជាពិសេស លោកយាយ ឧបាសិកា គយ បូព្រឹក ព្រមទាំងកូនចៅ ដែលបានរួមសហការផ្តួចផ្តើម ធ្វើអង្គកឋិនទានសាមគ្គីនេះឡើង។
លោកក៏បានជម្រាប អំពីគោលបំណង នៃបុណ្យកឋិននេះ គឺដើម្បីប្រមូល បច័្ចយចូលរួមចំណែកកសាងសមិទ្ធផលនានា ដែលកំពុងខ្វះខាតនៅក្នុងបរិវេណវត្តចំការខ្សាច់នេះ ជាពិសេស សាលាពុទ្ធិកបឋមសិក្សា និងសាលាឆាន់ មួយខ្នងដែលកំពុងសាងសងនេះ នឹងត្រូវចំណាយទឹកប្រាក់អស់ចំនួនជាង ២០ម៉ឺនដុល្លារ ។
ឆ្លៀតក្នុងឱកាសនោះ លោក លី ឆេង ក៏បានមានប្រសាសន៍ឆ្នាំនេះ វត្តចំការខ្សាច់ បានត្រៀមទូក-ង ឈ្មោះ “ជំទាវស្រីម៉ៅហោសុទ្ធសែនជ័យ” ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ។ ដើម្បីលើកទឹកចិត្តដល់ ក្រុមកីឡាករចំណុះទូក-ង ក្នុងការរៀបចំ និងចំណាយផ្សេងៗ លោកក៏បានចូលរួមជួយឧបត្ថម្ភថវិកា ចំនួន ១០លានរៀល និងឯកសណ្ឋានប៊ែលធី ម្នាក់ ១កំប្លេផងដែរ។
សូមបញ្ជាក់ថា បច្ច័យ ដែលទទួលបានពីអង្គកឋិនទានសាមគ្គីនៅថ្ងៃនេះ សរុបបច្ច័យ ចំនួន ១៦៤.៩០៦.០០០ រៀល (មួយរយ ហុកសិបបួនលាន ប្រាំបួនរយប្រាំមួយពាន់ រៀល) ហើយបច្ច័យទាំងអស់នេះ ត្រូវបានវេរប្រគេនជូនដល់ព្រះសង្ឃ នៅវត្តចំការខ្សាច់ទុក សម្រាប់ កសាងសមិទ្ធផលនានាតាមពុទ្ធានុញ្ញាត ៕ ស រស្មី