ភ្នំពេញ៖ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កំពុងអនុវត្តគម្រោង៤ បន្ថែមទៀត ក្នុងការជួយដល់រាជធានីភ្នំពេញ ឱ្យមានការរីកចម្រើនជឿនលឿនទាន់សម័យកាល។
លោក សានុយ កាហ៊្សុម៉ាសា (Mr. SANUI Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានបញ្ជាក់បែបនេះ ក្នុងឱកាសលោកចូលជួបសម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក សានុយ កាហ៊្សុម៉ាសា បានមានប្រសាសន៍ថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងរយៈពេលជាង៣០ឆ្នាំនេះ បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ។ ជាក់ស្តែងនៅពេលនេះ JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តគម្រោងជំនួយចំនួន៤បន្ថែមទៀត ដល់រាជធានីភ្នំពេញ។ គម្រោងទាំង៤នេះ រួមមាន៖
១. គម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងដឹកជញ្ជូនចម្រុះក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះទើបតែបានបញ្ចប់សេចក្តីព្រាងផែនការមេ ហើយគ្រោងនឹងដាក់ចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតចុងក្រោយ នៅអំឡុងខែកញ្ញាខាងមុខនេះ។
២. គម្រោងរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងសំណល់រឹងទីក្រុង ដែលជាគម្រោងសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន និងបានចាប់ផ្ដើមអនុវត្តតាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មក។
៣. គម្រោងអភិវឌ្ឍន៍សមត្ថភាពជូនរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ (ជំហានទី២)។
៤. គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ដែលគម្រោងនេះ គ្រោងនឹងបញ្ចុះបឋមសិលា នៅដើមឆ្នាំ២០២៨ ខាងមុខនេះ។
អង្គការ JICA ក៏បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ ដើម្បីចូលរួមប្រជុំរៀងរាល់១ត្រីមាសម្តង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងផ្លែផ្កាតាមការគ្រោងទុក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលការអភិវឌ្ឍរីកចម្រើនទាំងនេះ គឺមិនអាចផ្តាច់បានពីការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមទាំងអង្គការ JICA ផងដែរ។ អង្គការ JICA បានជួយលើកិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ថាមពល អប់រំ ច្បាប់ កសិកម្ម និងលំហូរចរាចរណ៍ ព្រមទាំងការកសាងធនធានមនុស្សជូនរាជធានីភ្នំពេញ តាមរយៈវគ្គបណ្តុះបណ្តាលជាច្រើនទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។ ទីលានចាក់សំរាមនៅខណ្ឌដង្កោបានពេញហើយ មិនអាចបន្តចាក់បន្ថែមទៀតបានទេ។ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបង្វែរទៅចាក់ទីលានថ្មីនៅតំបន់ទួលព្រិច ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤០ហិកតា ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់នៅដើមឆ្នាំក្រោយ។
លោក ឃួង ស្រេង ក៏បានស្នើសុំឱ្យអង្គការ JICA ពិចារណាបញ្ចូលការងារជួសជុលថែទាំទំនប់ការពារទឹកជំនន់នៅស្ទឹងព្រែកត្នោត (ទំនប់៧មករា) ចូលទៅគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយបង្ហូរទឹក ភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញផង។ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ សូមអញ្ជើញលោកប្រធានអង្គការ JICA និងក្រុមការងារ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងជាមួយគ្នា នៅទីតាំងទំនប់ការពារទឹកជំនន់ព្រែកត្នោត (ទំនប់៧មករា) និងទីលានចាក់សំរាមថ្មីទួលព្រិច នៅពេលសមស្របណាមួយនាពេលខាងមុខ។
លោក ឃួង ស្រេង ក៏បានស្នើសុំទៅអង្គការ JICA ជួយផ្ដល់នូវរូបភាពផ្កាយរណប និងផែនទី Digital របស់រាជធានីភ្នំពេញដែលបានថតរួច ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានមូលដ្ឋានយកមកប្រើប្រាស់ក្នុងការសិក្សាប្លង់មេប្រើប្រាស់ដីធ្លី ឆ្នាំ២០៣៥-២០៥០ ឱ្យបានសមស្របតាមទិដ្ឋភាពជាក់ស្តែង។ ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពទទួលយកនូវសំណូមពរទាំងអស់នេះ និងសន្យាពិភាក្សាជាមួយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបន្តទៀត ៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច