ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនកាពីតូល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចត្រីសាលម៉ុនមួយកេសស្នោ ដែលជាអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនកាពីតូល កាលពីយប់ថ្ងៃទី១៩ ម្សិលមិញ នៅចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ១៨២ ភូមិ១ ក្រុម១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈាន រស្មី ហៅ ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ និងជាដើមបណ្តឹង ឈ្មោះ វន ជំនិត ភេទប្រុស អាយុ៣៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាពីតូល ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចត្រីសាលម៉ុន ដែលជាអីវ៉ាន់បញ្ញើនៅក្រុមហ៊ុនកាពីតូល ស្ថិតនៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ខណៈធ្វើសកម្មភាព ជនរងគ្រោះបានឃើញទាន់ និងបានប្តឹងសមត្ថកិច្ចឱ្យចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖