ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ហើយគំរាមដាក់ទណ្ឌកម្មលើប្រទេសណា ដែលជួយអ៊ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាលោកបាន និងកំពុងដាក់ចេញយុទ្ធនាការដ៏ធំថ្មីមួយដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ភ្ជាប់ជាមួយការគំរាមថានឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរផងដែរ លើប្រទេសណាមួយដែលជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។
ការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ កើតមានឡើងចំពេលសង្រ្គាមជិតឈានចូលដល់ខែទី៦ ដោយមិនទាន់មានពន្លឺណាមួយពីភាពរីកចម្រើនខាងការទូតឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមនៅឡើយទេ។ លោក ត្រាំកំពុងប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុកជុំវិញសង្រ្គាមជាមួយអ៉ីរ៉ង់ ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ខិតជិតចូលមកដល់។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានប្រកាសពីការដាក់ចេញប្រតិបត្តិការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់ប្រឆាំងអ៉ីរ៉ង់ ហើយលោកក៏បានគំរាមដែរថាប្រទេសណាមួយដែលអនុញ្ញាតស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន អាកាសយានដ្ឋាន ឬអង្គភាពរដ្ឋាភិបាលរបស់ខ្លួនផ្ដល់ដង្ហើមដល់សេដ្ឋកិច្ចអ៉ីរ៉ង់ នឹងត្រូវប្រឈមមុខនឹង ផលវិបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
លោក ត្រាំ មិនបានបង្ហើបឱ្យដឹងថាតើលោកនឹងដាក់ទណ្ឌកម្មបែបណានោះទេ ហើយក៏មិនបានលើកឡើងចំឈ្មោះប្រទេសណាមួយនោះដែរ បើទោះជាគេដឹងថាចិនគឺជាដៃគូពាណិជ្ជកម្មរបស់អ៉ីរ៉ង់ក៏ដោយ៕


ចែករំលែក៖