ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់សោបន្ទប់ជួលលួចទ្រព្យសម្បត្តិ ខណៈម្នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់សោបន្ទប់លួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង ៥:០០ រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ៖

១. ឈ្មោះ លី ឧត្ដម ហៅ ភ័ក្រ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ (ត្រូវបានឃាត់ខ្លួន)។

២. ឈ្មោះ ចេន ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (គេចខ្លួន)។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង ២:៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចតូបកាហ្វេយីហោ “CT Cafe” ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ) បង្កឡើងដោយជនសង្ស័យចំនួន ២ នាក់ ស្លៀកពាក់ស៊ីវិល ដើរថ្មើរជើង។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈម្នាក់ទៀតកំពុងគេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី។

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖