ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ស្ថិតនៅមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង។

អំពីប្រវត្តិសាវតារទាក់ទងនឹង «មេទ័ពសំរិទ្ធ» និងខេត្តស្វាយរៀង កាលពីព្រេងនាយមានសេចក្តីដំណាលថា កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ «សំរិទ្ធ» ជាអ្នកខ្លាំងពូកែអង់អាចណាស់ និងមានផ្ទះនៅលើទីទួលនេះ។ កាលដែលស្រុកកើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្ត្រគ្រប់ខេត្ត-ខណ្ឌ បើនរណាខ្លាំងពូកែអង់អាច សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀមដែលចូលមករាតត្បាតអាណាខេត្តខ្មែរនៅតំបន់ប្រទល់ដែនក្នុងខេត្តបាត់ដំបង និងសៀមរាប។ បុរសសំរិទ្ធក៏ស្ម័គ្រចិត្តចូលខ្លួនតាមព្រះរាជតម្រាស់អំពាវនាវនោះ ដោយបានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្ត្រាវុធ និងអាវតេជៈជាដើមរួចស្រេច រួចលាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែកដោយថ្មើរជើង។ លុះទៅដល់លង្វែក គាត់បានទៅជួបមេទ័ពដើម្បីប្រគល់ខ្លួនតាមរដ្ឋត្រូវការ។ ឯលោកមេទ័ព កាលបើបានពលរេហ៍ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធជាមេទ័ពធំ ឱ្យលើកព្យុហយាត្រាឆ្ពោះទៅបាត់ដំបងដើម្បីកម្ចាត់ពួកសត្រូវ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ រហូតទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឫទ្ធីតេជៈរបស់បុរសសំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត ស្រុកក៏បានសាន្តត្រាណ។

បុរសសំរិទ្ធក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម រួចសុំព្រះរាជានុញ្ញាតក្រាបទូលត្រឡប់ទៅស្រុកកំណើតវិញ ដែលព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។ បុរសសំរិទ្ធបានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្រុកវិញ មកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះ ១យប់ ទើបធ្វើដំណើរតទៅទៀត។ ទៅដល់ពាក់កណ្តាលផ្លូវ គាត់ក៏ឈប់ស្រាយសំពាយរបស់គាត់មើល លុះស្រាយទៅទើបដឹងថា សំពាយនេះមិនមែនជារបស់គាត់ទេ ដោយនៅក្នុងបង្វេចនេះឃើញមានតែសំពត់ ១ និងផ្លែស្វាយទុំពីរ-បីប៉ុណ្ណោះ។ គាត់ដឹងថា បង្វេចនេះច្រឡំក្នុងពេលដែលគាត់ត្រឡប់មកពីច្បាំងហើយឈប់សម្រាកនៅអង្គរ ព្រោះពេលនោះមានការច្រឡូកច្រឡំគ្នា ហើយផ្លែស្វាយនេះទៀតសោត ក៏ជាផ្លែស្វាយដែលបានមកពីអង្គរដែរ។

បុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ត។ កាលដែលបានទៅដល់ហើយ ប្រពន្ធគាត់បានយកគ្រាប់ស្វាយដែលទុំរលួយសាច់អស់នៅក្នុងបង្វេច ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែរៀងមក។ ស្វាយនេះអ្នកស្រុកនាំគ្នាហៅថា «ស្វាយអង្គរ» ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុន្តែតៗមកពាក្យ «អង្គរ» ហៅកាត់ខ្លីមកនៅត្រឹម «អង្គ» ទើបជាប់ពាក្យថា «ស្វាយអង្គ» ដល់សព្វថ្ងៃ។ ក្រោយមកបុរសសំរិទ្ធ និងភរិយាក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់។ កូនចៅទាំងនោះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាមប្តីតាមប្រពន្ធ លុះយូរៗទៅ ទីភូមិរបស់គាត់នេះក៏លែងមានមនុស្សនៅ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្តអារាមមួយឡើង ដាក់នាមថា «វត្តស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការមួយអង្គជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុសាមណេរគង់នៅជាច្រើន។ កន្លងមកទៀត ដោយមានការទទើសទទែងក្នុងទីវត្តផង មានសត្វស្លាបផ្សេងៗទំនៅលើដើមស្វាយនោះផង នាំឱ្យមិនស្អាត និងមានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការបានឱ្យភិក្ខុសាមណេរកាប់រលំដើមស្វាយនោះ ប៉ុន្តែដោយឫទ្ធីដើមស្វាយធំនោះ ភិក្ខុសាមណេរកាប់មួយថ្ងៃបានតែពាក់កណ្តាលដើម នៅសល់ប៉ុន្មាននឹងកាប់នៅថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មានដែលបានកាប់ខ្លះទៅហើយនោះ ក៏ដុះសាច់ដុះសំបកគ្របជិតដើមវិញគួរឱ្យអស្ចារ្យណាស់។ លោកគ្រូក៏ឱ្យភិក្ខុសាមណេរកាប់ទៀតពីថ្ងៃទល់ល្ងាច តែទោះជាខំកាប់យ៉ាងណាក៏បានត្រឹមតែពាក់កណ្តាលដើម លុះព្រឹកឡើងឃើញដុះសាច់ដុះសំបកដើមដដែលទៀត។ ថ្ងៃមួយ លោកបានឱ្យភិក្ខុសាមណេរជាច្រើនអង្គដោយមានពូថៅគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្តង។ ដើមស្វាយទ្រាំមិនបាននឹងពូថៅច្រើនពេកក៏រលំ ប៉ុន្តែស្លឹកវាមិនបានស្រពោនឡើយ បែរជាដុះមែកខ្នែងចេញផ្លែផ្កាដូចធម្មតា។ នៅពេលយប់ គេឮតែសូរស័ព្ទភ្លេងពិណពាទ្យប្រគំយ៉ាងលន្លង់លន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ។ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេង។ ចំណែកភិក្ខុសាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្តថ្មីមួយទៀតនៅចម្ងាយប្រមាណ ១គ.ម អំពីវត្តស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃគេឱ្យឈ្មោះថា «វត្តស្វាយផ្អែម» វិញ។

ប្រជាពលរដ្ឋបាននិទានតៗគ្នាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យអំពីដើមស្វាយ។ តំណក្រោយមក អាស្រ័យដោយព្រឹត្តិការណ៍អស្ចារ្យទាំងនេះ ធ្វើឱ្យអ្នកស្រុកតែងមានជំនឿលើដើមស្វាយ ហើយអ្នកភូមិខ្លះបាននាំគ្នាដាំដើមស្វាយលើភូមិថ្មី ឬដីទំនេរ ទើបបង្កើតបានជាភូមិថ្មីៗ ដែលតែងមានជាប់នាម «ស្វាយ» ដូចជា ភូមិស្វាយ, ស្វាយរៀង, ស្វាយជ្រំ, ស្វាយទាប, ស្វាយអង្គ, ស្វាយតឿ, ស្វាយចេក, ស្វាយយា, ស្វាយតាយាន, ស្វាយរំពារ, ព្រៃស្វាយ, ស្វាយតាភ្ល, ស្វាយមីង, ស្វាយធំ, ស្វាយក្ងោក, ស្វាយផ្អែម, ស្វាយព្រហូត, ស្វាយដូនអី, ស្វាយជម្រៅ, ស្វាយគយ, ស្វាយក្អែ, ស្វាយកណ្តាល, ស្វាយគុយ, ស្វាយអាណាត, ស្វាយប៉ោ, ស្វាយរូង, ស្វាយរលំ, ស្វាយជុំ, ស្វាយទន្ទឹម, ស្វាយបទុម, ត្រពាំងស្វាយ, អារក្សស្វាយ, បុស្សស្វាយ និងអង្គស្វាយ។

ម្យ៉ាងវិញទៀត តាមប្រវត្តិរឿងរ៉ាវខ្លះបានរៀបរាប់ថា មុនដំបូងទឹកដីខេត្តស្វាយរៀងសម្បូរទៅដោយដើមឫស្សី និងដើមស្វាយព្រៃ ហើយមួយភាគគឺជាព្រៃគុបសម្បូរទៅដោយខ្លុង ឈើទាល គគីរ និងព្រៃប្រចាក់ ពុំសូវមានដើមឈើហូបផ្លែទេ។ តាមនិទានខ្លះដំណាលថា ក្រោយពីសង្គ្រាម មេទ័ព និងពលទាហានដែលឈរជើងនៅប្រាសាទព្រះនាងចូវ មហេសីព្រះបាទជ័យជេដ្ឋាទី២ បានដាំដើមស្វាយចំនួន ៧ប្រភេទ ដែលប្រជារាស្ត្រហៅថា «ស្វាយ៧ដើម» គឺមាន ស្វាយក្បាលដំរី ស្វាយខ្ទិះ ស្វាយផ្អែម ស្វាយកែវមួង ស្វាយព្រៃ ស្វាយកែវយក្ស និងស្វាយព្រំសែន។ ក្រោយមក កងទ័ព និងនាយទាហានដែលបោះជំរំបន្ទាយនៅខេត្តស្វាយទាប ខេត្តរំដួល និងខេត្តរោងដំរី ក៏បេះផ្លែនោះមកបរិភោគ និងទុកគ្រាន់ធ្វើពូជយកទៅដាំនៅទីតាំងបន្ទាយ ហើយខ្លះទៀតពេលចូលនិវត្តន៍ទៅរស់នៅតាមភូមិកំណើត ក៏យកពូជស្វាយទៅដាំរៀងៗខ្លួន ពិសេសយកទៅដាំនៅទីទួលវត្តបុរាណ ទើបឈ្មោះភូមិ ឃុំ ស្រុក និងវត្តអារាម មានពាក្យ «ស្វាយ» ច្រើន។ ជាក់ស្តែង ឈ្មោះឃុំមានចំនួន ៩ គឺ ឃុំស្វាយជ្រំ, ឃុំស្វាយអង្គ, ឃុំស្វាយយា, ឃុំស្វាយរំពារ, ឃុំស្វាយចេក, ឃុំស្វាយតាយាន, ឃុំស្វាយតឿ និងឃុំស្វាយរៀង។ រីឯវត្តមានចំនួន ១៥ និងវត្តទួលបុរាណចំនួន ១៦ គឺ វត្តស្វាយជ្រំ, វត្តស្វាយផ្អែម, វត្តស្វាយអង្គ, វត្តស្វាយព្រហូត, វត្តស្វាយធំ, វត្តស្វាយយា, វត្តស្វាយរំពារ, វត្តស្វាយ (មាន ២វត្ត), វត្តស្វាយតាយាន, វត្តស្វាយបុទុម, វត្តស្វាយទន្ទឹម, វត្តស្វាយជុំ, វត្តស្វាយកណ្តាល, ទួលស្វាយអណ្តើក, ទួលស្វាយកន្ត្រៃ, ទួលស្វាយពុំគ្រង, ទួលស្វាយរ៉ាំ និងមានទួលវត្តចាស់ឈ្មោះស្វាយចំនួន ១១ ទៀត។

រឿងរ៉ាវទាំងនេះហើយជាប្រភពនៃការយកឈ្មោះ «ស្វាយ» ជាគោលក្នុងការដាក់ឈ្មោះភូមិ និងស្រុកមួយចំនួន។ អំឡុងពេលបារាំងធ្វើអាណាព្យាបាល (ឆ្នាំ១៨៦៣ និងនៅឆ្នាំ១៨៨៧) គេបានបង្កើតប៉ុស្តិ៍រដ្ឋបាលមួយស្ថិតនៅភូមិស្វាយរៀង (ទីប្រជុំជនខេត្តបច្ចុប្បន្ន) ដែលគេហៅថា «ប៉ុស្តិ៍រដ្ឋបាលស្វាយរៀង» សម្រាប់កំណែនពន្ធដារ និងកិច្ចការរដ្ឋបាល។ នេះជាមូលដ្ឋានចម្បងនៃការបង្កើតឈ្មោះខេត្តស្វាយរៀង ក្នុងអំឡុងពេលរៀបចំខេត្តដំបូងនៅឆ្នាំ១៩២២៕

ដោយ៖សុថាន


ចែករំលែក៖