ប្រទេសបារាំង និងអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីវិនិយោគ ៧ ពាន់លានដុល្លារក្នុងការសាងសង់សួនកម្សាន្តចំនួនបីនៅជិតទីក្រុងប៉ារីស ខណៈពេលដែលកំពុងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងភស្តុភារ៕
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ បានផ្សាយថា វិមានអេលីហ្សេ បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ថាបារាំង និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាបង្កើតឧទ្យានកម្សាន្តមានរចនាប័ទ្មគំនូរជីវចល Manga ដោយចំណាយថវិកា ៦ពាន់លានអឺរ៉ូ ឬ ៧ពាន់លានដុល្លារ នៅក្បែរទីក្រុងប៉ារីស។
គម្រោងដែលផុសគំនិតចេញពីស៊េរីគំនូរជីវចលបែបកំប្លែង Manga និងប្រឡោមលោកដ៏ល្បីល្បាញរបស់ជប៉ុន Dragon Ball Z នឹងត្រូវសាងសង់ជិតតំបន់ Cergy-Pontoise ភាគពាយព្យទីក្រុងប៉ារីស ហើយអាចបង្កើតការងារបានប្រហែល ២២ ០០០កន្លែង។ តាមទីប្រឹក្សាប្រធានាធិបតីបារាំង គំនិតនេះបានផុសឡើង បន្ទាប់ពីប្រធានាធិបតី Emmanuel Macron និងព្រះអង្គម្ចាស់ Bin Salman រកឃើញថាអ្នកទាំងពីរមានចំណាប់អារម្មណ៍ដូចគ្នាលើរឿង Dragon Ball Z អំឡុងពេលលោក Macron បំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០២៥។
Qiddiya ដែលជាក្រុមហ៊ុនវិនិយោគ និងផ្តល់សេវាកម្មកម្សាន្តរបស់អារ៉ាប៊ីសាអូឌីត នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។ វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យលើសពីវិស័យប្រេង ក៏ដូចជាការពង្រីកវត្តមានរបស់ខ្លួន នៅលើឆាកអន្តរជាតិក្នុងវិស័យកម្សាន្ត។ គ្មានការកំណត់កាលបរិច្ឆេទបើកដំណើរការ សម្រាប់គម្រោងអភិវឌ្ឍនឧទ្យានកម្សាន្ត ដែលនឹងក្លាយជាឧទ្យានដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅឡើយទេ ខណៈដែលការសាងសង់ត្រូវចំណាយពេលច្រើនឆ្នាំ។
ព្រះអង្គម្ចាស់ Bin Salman ដែលជាម្ចាស់វិមានមួយកន្លែងនៅជិតទីក្រុងប៉ារីស កំពុងបំពេញទស្សនកិច្ចផ្លូវការដ៏កម្រមួយនៅបរទេស ហើយបានបង្ហាញខ្លួនជាមួយលោក Macron នៅក្នុងពិធីបិទការប្រកួត Esports World Cup នៅទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច