ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមស្ត្រីជើងខ្លាំង ០៣នាក់ប្រចាំស្រុកស្នួល ត្រូវបានឃាត់ខ្លួន ក្រោយតែងតែជេរប្រមាថតាមបណ្តាញសង្គម និងរំលោភលើលំនៅឋាន

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមស្ត្រីជើងខ្លាំងប្រចាំស្រុកស្នួល ដែលតែងតែជេរប្រមាថនៅតាមបណ្តាញសង្គម និងរំលោភលើលំនៅឋាន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនបានហើយ។ ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ៖

១. ឈ្មោះ យ៉េង កំហុង ហៅ អាពី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ មុខរបរជាជាងសាឡន។

២. ឈ្មោះ ម៉ុន នីតា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរជាបុគ្គលិកហាងផឹកស៊ី។

៣. ឈ្មោះ ប៉ុន ម៉ាត់ម៉ៃ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្នួលវត្ត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មុខរបរជាបុគ្គលិកហាងផឹកស៊ី។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យឿន ណូវី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ពាក់ព័ន្ធនឹងករណីរំលោភលើលំនៅឋាន, គំរាមកំហែងមានស្ថានទម្ងន់ទោស, បរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈតាមបណ្តាញសង្គម Facebook។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖

* រថយន្ត ០១គ្រឿង ម៉ាក Camry ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2T-3936

* ទូរសព្ទដៃចំនួន ០៣គ្រឿង

* ម៉ូតូ ០១គ្រឿង ម៉ាក Honda ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ គ្មានស្លាកលេខ

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុខហេង


ចែករំលែក៖